នារសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីពលរដ្ឋ២រូបដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន បានប៉ះពាក្យសម្ដីគ្នាជាមួយមន្ត្រីកិច្ចសន្យាផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅគោលដៅចរាចរណ៍ កាំកូសុីធី កាលពីវេលាម៉ោង៣ និង៣៨នាទីរសៀល។

ទន្ទឹមគ្នានោះ ពលរដ្ឋ២រូបនោះ បានបង្ហោះនៅលើគណនីហ្វេកប៊ុករបស់ខ្លួន ដោយស្នើសុំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ជួយពិនិត្យមើលបុគ្គលម្នាក់ថាជាមន្ត្រីនគរបាល ឬជាអ្វីឱ្យប្រាកដ? ដោយពលរដ្ឋ២រូបនោះសំអាងថា៖”បុគ្គលនោះគ្មានឯកសណ្ឋានត្រឹមត្រូវ ពួនស្ទាក់ចាំបោះដៃតាមវិទ្យុទាក់ទង និងថាបុគ្គលនោះមិនអនុវត្តតាមច្បាប់ត្រឹមត្រូវ ថែមទាំងប្រើពាក្យសំដី និងអកប្បកិរិយាមិនសមរម្យមកលើប្រជាពលរដ្ឋ”។បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖” បើតាមរបាយការណ៍ដែលទទួលបាន ពេលនោះមានអ្នកបើកបរម៉ូតូ២នាក់ បានថតរូបភាពមន្ត្រីកិច្ចសន្យា ទាំងដែលមន្ត្រីនោះមិនមានកាន់វិទ្យុទាក់ទង បោះដៃឱ្យមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់យានយន្ត ដូចការចោទប្រកាន់ ហើយមន្ត្រីនោះក៏សួរទៅអ្នកបើកបរម៉ូតូរកមូលហេតុនៃការថតរូប ដោយខាងភាគីម៉ូតូបានឆ្លើយថា “ថតលោកឯងអត់បានមែន?” រួចក៏មានការប៉ះពាក្យសម្តីគ្នាទៅវិញទៅមក។

ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្តី ក្រសួងមហាផ្ទៃ បានទទួលការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកថា ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី បានកោះហៅមន្ត្រីជាប់កិច្ចសន្យារូបនោះ មកសាកសួរ និងធ្វើការអប់រំណែនាំទាំងការប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាននោះហើយ៕