ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ពលករមីយ៉ាន់ម៉ាធ្វើការនៅប្រទេសថៃ បានប្រមូលផ្តុំគ្នានៅខាងមុខការិយាល័យអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសថៃ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាលុបចោលការប្រមូលពន្ធចំនួន២% នៃប្រាក់ឈ្នួលរបស់ពួកគេ ។ ការអំពាវនាទៅកាន់អង្គការសហប្រជាជាតិឱ្យជួយអន្តរាគមន៍នេះ ស្របគ្នានឹងប្រទេសនានាលើពិភពលោក ប្រារព្ធទិវាពលកម្មអន្តរជាតិ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។
លោក Tata Somchai អ្នកតំណាងពលករមីយ៉ាន់ម៉ានិយាយថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសគោលនយោបាយប្រមូលពន្ធពីពលករធ្វើការនៅក្រៅប្រទេស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ រដ្ឋាភិបាលបានកំណត់ឱ្យពលករមីយ៉ាន់ម៉ាទាំងអស់ត្រូវបង់ពន្ធចំនួន២% នៃប្រាក់ចំណូលរបស់ពួកគេ ។ បើពលករមិនព្រមបង់ពន្ធឱ្យរដ្ឋាភិបាលតាមការកំណត់ទេ ស្ថានទូតមីយ៉ាន់ម៉ាប្រចាំប្រទេសថៃ នឹងមិនបន្តសុពលភាពលិខិតឆ្លងដែនឱ្យពួកគេទេ ។.jpg)
ហេតុនេះ ពលករមីយ៉ាន់ម៉ាសួរថា ទឹកប្រាក់ដែលរដ្ឋាភិបាលនឹងប្រមូលពីពលកររបស់ខ្លួនធ្វើការនៅប្រទេសថៃ ចំនួនជាង២លាននាក់ គឺស្មើទឹកប្រាក់ប្រមាណ៣០០លានបាតក្នុង១ខែ តើរដ្ឋាភិបាលនឹងយកប្រាក់នេះទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ាលើផ្នែកអ្វីខ្លះ? ដោយសារពលករចំណាកទាំងអស់ត្រូវចំណាយប្រាក់ដោយខ្លួនឯងទាំងពីដើមទី ក្នុងការរត់ការឯកសារមកធ្វើការនៅប្រទេសថៃ ។ លើសពីនេះ ពួកគេត្រូវផ្ញើប្រាក់ទៅឱ្យក្រុមគ្រួសារនៅមីយ៉ាន់ម៉ាផងដែរ ដើម្បីដោះស្រាយជីវភាព ។
ការប្រមូលផ្តុំគ្នារបស់ពលករមីយ៉ាន់ម៉ានៅខាងមុខការិយាល័យអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសថៃ បានចំណាយពេលអស់ជិត២ម៉ោង ។ គេសង្កេតឃើញមានប៉ូលិសថៃជាង២០នាក់មកជួយគ្រប់គ្រងស្ថានការណ៍នេះ មុនពេលពួកគេបញ្ចប់ការតវ៉ា និងបំបែកគ្នាត្រឡប់ទៅកាន់លំនៅឋានវិញ ៕
ប្រភព ៖ Mono News










