ប្រទេសចិន ៖ សារព័ត៌មាន Bloomberg រាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់ចិនឈ្មោះ Weibo បានផ្ញើសារដាស់តឿនទៅអ្នកប្រើប្រាស់មួយចំនួនថា កុំសរសេរអ្វីអវិជ្ជមានពាក់ព័ន្ធនឹងសេដ្ឋកិច្ចចិន ។ គេមើលឃើញថា ការដាស់តឿននេះ គឺជាការបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសចិន ។
Weibo គឺជាប្រព័ន្ធផ្សព្វផ្សាយមួយនៅចិន ដែលអ្នកប្រើប្រាស់អាចផ្សព្វផ្សាយ និងចែកចាយសារខ្លីៗ រួមទាំងរូបភាព និងវីដេអូផងដែរ ហើយរាល់ការបង្ហោះខ្លឹមសារទាំងអស់ត្រូវបានរដ្ឋាភិបាលចិនត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ។ មនុស្សជាច្រើននិយាយថា ការប្រើប្រាស់ Weibo មានលក្ខណៈស្រដៀងនឹងបណ្តាញសង្គម X (ឬ Twitter) នៅប្រទេសលោកខាងលិច ។![]()
អ្នកប្រើប្រាស់ Weibo ម្នាក់តែងតែសរសេរអំពីផ្នែកហិរញ្ញវត្ថុ និងមានអ្នក Followers រហូតដល់ជាង៧៦.០០០នាក់ និយាយថា ខាង Weibo បានផ្ញើសារមកប្រាប់គាត់ឱ្យកាត់បន្ថយការសរសេរពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចចិន ។ លើសពីនេះ គាត់ទទួលបានការណែនាំឱ្យបង្ហោះវីដេអូកម្សាន្តជំនួសវិញ ។
រីឯអ្នកប្រើប្រាស់ Weibo ម្នាក់ទៀត ដែលមានអ្នក Followers ជាង១៦.០០០នាក់ និយាយថា គាត់បានទទួលសារដាស់តឿនឱ្យប្រុងប្រយ័ត្ន ជាពិសេស ការសរសេរពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចិន ។
សារព័ត៌មាន Bloomberg រាយការណ៍ទៀតថា នៅពុំទាន់មានការបកស្រាយរឿងនេះពីតំណាងរបស់ Weibo ទេ ប៉ុន្តែសារដែលបានបញ្ជូនទៅអ្នកប្រើប្រាស់នោះ បានកើតឡើងស្របពេលរដ្ឋាភិបាលចិនបានព្យាយាមស្តារទំនុកចិត្តលើសេដ្ឋកិច្ចចិន ដោយសារទំនុកចិត្តពលរដ្ឋធ្លាក់ចុះ និងមានវិបត្តិផ្នែកអចលនទ្រព្យអូសបន្លាយ ។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងសន្តិសុខសាធារណៈចិនបានលើកឡើងក្នុងគណនី WeChat ជាផ្លូវការថា ការបញ្ចេញមតិអវិជ្ជមានពាក់ព័ន្ធនឹងសេដ្ឋកិច្ចចិន ចាត់ទុកថា ជាការគំរាមកំហែងសន្តិសុខជាតិ ។ ដូចគ្នានេះ ការបង្ហាញការបញ្ចេញមតិនេះម្តងហើយម្តងទៀត ចាត់ទុកថា ជាការបំផ្លាញសេដ្ឋកិច្ចជាតិផងដែរ ។
ការដាស់តឿនពាក់ព័ន្ធនឹងការសរសេរសារ ឬការរិះគន់បែបអវិជ្ជមានទៅលើសេដ្ឋកិច្ចចិន មិនបានកើតឡើងចំពោះតែអ្នកប្រើបណ្តាញសង្គមនោះទេ ។ មុននេះ អ្នកវិភាគរបស់ China International Capital Corp. (CICC) ក៏បានដាស់តឿនអ្នកវិភាគទាំងឡាយថា កុំនិយាយអ្វីអវិជ្ជមានពាក់ព័ន្ធនឹងសេដ្ឋកិច្ចចិនជាសាធារណៈ និងផ្ទាល់ខ្លួន ៕ ប្រភព ៖ beartai BRIEF










