ប្រទេសអ៊ីរ៉ង់បានប្រកាសធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់ប្រទេសកម្ពុជា និង ៣៣ ប្រទេសទៀត ដែលក្នុងនោះប្រទេសនូវអាស៊ីអាគ្នេយ៍មានចំនួន ៥ ប៉ុណ្ណោះគឺ កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី។
យោងតាមគេហទំព័រអន្តរជាតិ Adventure Iran ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូថា គោលនយោបាយទិដ្ឋាការថ្មីរបស់អ៊ីរ៉ង់មានគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន បង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងតេអេរ៉ង់ក្នុងដំណើរការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជុំវិញពិភពលោក។
ដូច្នេះប្រទេសចំនួន ៣៣ ដែលអ៊ីរ៉ង់បានលើកលែងទិដ្ឋាការរួមមាន៖ កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា ជប៉ុន សិង្ហបុរី សហព័ន្ធអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រេស៊ីល…ជាដើម។ ទោះជាយ៉ាងណាក៏ដោយ កន្លងមកអ៊ីរ៉ង់បានអនុវត្តគោលនយោបាយចូលដោយគ្មានទិដ្ឋាការសម្រាប់តែភ្ញៀវទេសចរមកពីប្រទេសទួរគី អាហ្សែបៃហ្សង់ អូម៉ង់ ចិន អាមេនី លីបង់ និងស៊ីរីប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ២០២៣ នេះប្រទេសអ៊ីរ៉ង់បានស្វាគមន៍ភ្ញៀវបរទេសចំនួន ៤.៤ លាននាក់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំសារពើពន្ធរបស់ប្រទេសនេះចាប់ពីថ្ងៃទី ២១ ខែមីនា កើនឡើង ៤៨.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕










