គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។
ស្ពានអាកាសព្រះមុនីវង្ស គ្រោងចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។
អ្វីដែលពិសេសជាងនេះទៅទៀត ស្ពាននេះ ជាស្ពានអាកាសដំបូងគេនៅកម្ពុជាដែលមានពីរជាន់ ដោយក្នុងនោះ៖
• ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។
• ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន៕










