នៅក្នុងរដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ីគឺត្រង់តំបន់ព្រៃក្រាស់ក្រាល ដែលគេហៅថា Forest City បន្ទាប់ទទួលបាននូវការអភិវឌ្ឍពីចិន ក៏មានមតិលើកឡើងពីប្រជាជនមួយចំនួនដែលស្នាក់នៅទីនោះបាននិយាយថា ទីនោះគឺជាកន្លែងដែលស្ទើរតែគា្មនមនុស្សចូលមកស្នាក់នៅឬមកកម្សាន្តទាល់តែសោះ ខណៈបានធ្វើឲ្យតំបន់នោះមានសភាពស្ងាត់ជ្រងំ និងគួរឲ្យខ្លាច។
លោក Nazmi Hanafiah ដែលជាអ្នកស្នាក់នៅទីនោះបានប្រាប់សារព័ត៌មាន BBC អំពីការដែលគាត់បានជួលបន្ទប់ចំនួន១សម្រាប់ស្នាក់នៅទីនោះរយៈពេល៦ខែ ដែលជាប៉ម១នៃគម្រោងមេហ្គា ១០០ ពាន់លានដុល្លារនោះបាននិយាយថា «នៅទីនោះស្ងាត់ខ្លាំងណាស់ ខ្ញុំពិតជាតក់ស្លត់ខ្លាំង និងមានអារម្មណ៍ថាឯកោកណ្តោតកណ្តែង ខណៈនៅទីនោះមានតែម្នាក់ឯងព្រមជាមួយនឹងភាពភ័យខ្លាចតែប៉ុណ្ណោះ។
គម្រោងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសចិន Country Garden បានបង្ហាញខ្លួនកាលពីឆ្នាំ២០១៦ នៅឯប្រទេសម៉ាឡេស៊ី ត្រង់តំបន់ Forest City ដែលគម្រោងនេះត្រូវបានផ្សព្វផ្សាយថាជា “ឋានសួគ៌ានៃក្តីសុបិន” រូមជាមួយនឹងបរិយាកាសល្អនិងកន្លែងទំនើបៗរួមបញ្ចូលនៅចំណុចតែមួយ មានទាំងសួនទឹក ទីលានវាយកូនហ្គោល កន្លែងញ៉ាំអាហារ ហើយយ៉ាងហោចណាស់ក៏មានមនុស្សរស់នៅ១លាននាក់រស់នៅទីនោះ។
ប៉ុន្តែ៨ឆ្នាំក្រោយមក គម្រោងនោះបានបរាជ័យទាំងស្រុង មនុស្សម្នាក៏បានចាប់ផ្តើមបោះបង់ចោលផ្ទះរបស់ពួកគេនៅទៅនោះ ព្រោះតែភាពការដែលរស់នៅទីនោះគ្មានភាពសុខដុមរមនា និងភាពសោះកក្រោះនៃតំបន់ ហើយក៏បានដាក់ឈ្មោះទីនោះថាជាទីក្រុងខ្មោច។
ជាការពិតណាស់ កម្រោងអភិវឌ្ឍនៅទីនោះទើបតែបាន១៥%ទេ ខណៈផ្ទះល្វែងត្រឹមតែ១%ប៉ុណ្ណោះដែលត្រូវបានជួល ហើយនៅទីបំផុតគម្រោងនេះទាំងមូលកំពុងតែប្រឈមនឹងបំណុលជិត ២០០ ពាន់លានដុល្លារ។
លោក Hanafiah ក៏បានបន្តទៀតថា ដំបូងគាត់ពិតជាមានការរំពឹងទុកខ្ពស់ណាស់ក្នុងការរស់នៅទីនេះ ប៉ុន្តែចុងក្រោយវាគ្រាន់តែជាបទពិសោធន៍ដ៏អាក្រក់មួយប៉ុណ្ណោះ។ Forest City បន្ទាប់ពីត្រូវបានបោះបង់ចោលហើយ ឥឡូវនេះសូម្បីតែគិតថានឹងវិលត្រឡប់ទៅលេងទីនោះវិញម្តងទៀតក៏ធ្វើឱ្យគាត់«ស្រៀវស្រើប»ដែរ។
ជាមួយគ្នានេះ លោកពិតជាមានអារម្មណ៍ថាសោកស្តាយចំពោះអ្នកដែលបានវិនិយោគ និងទិញផ្ទះនៅទីនោះជាពន់ពេក។ ខណៈ ម្ចាស់គម្រោងគួរតែដំណើរការគម្រោងនេះឲ្យបានល្អទៅតាមកិច្ចសន្យាជាមួយនឹងអតិថិជន ប៉ុន្តែនោះមិនបានដូចអ្វីដែលបានរំពឹងទុកទេ និងបានត្រឹមតែចាត់ទុកថាជាមេរៀនជីវិតមិនល្អទៅចុះ៕










