ប្រទេសថៃ ៖ មុនពេលចូលរួមក្នុងសិក្ខាសាលាដើម្បីស្តាប់យោបល់ និងតម្រូវការរបស់ពលរដ្ឋ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានលើកឡើងអំពីវីដេអូមួយល្បីល្បាញក្នុងបណ្តាញសង្គម ដែលបង្ហាញពីភ្ញៀវទេសចរចិនម្នាក់ស្លៀកពាក់ឯកសណ្ឋានប៉ូលិសថៃ ។ ភ្ញៀវទេសចរចិនរូបនេះថែមទាំងបានបង្ហាញមួកពណ៌ខ្មៅប៉ាក់ត្រាផែនដីថៃទៀតផង ។ លោកនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា វាមិនត្រឹមត្រូវទេ ហើយប្រទេសថៃត្រូវតែចាត់ការបញ្ហានេះជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ។
នៅពេលអ្នកសារព័ត៌មានសួរថា តើលោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យស្នងការនគរបាលជាតិដោះស្រាយបញ្ហានេះហើយឬនៅ? លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃលើកឡើងថា លោកបានបញ្ជារួចរាល់ហើយ ហើយលោកក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា និងអាជ្ញាធរទេសចរណ៍ថៃដោះស្រាយបញ្ហានេះផងដែរ ។

លោកនាយករដ្ឋមន្ត្រីថៃបន្តថា វាមិនគួរឱ្យជឿទេ ហើយក៏មិនអាចទៅរួចដែរ ដែលមានព័ត៌មានបែបនេះផ្សព្វផ្សាយចេញមក ។ លោកបានជជែកជាមួយក្រុមការងារ ដើម្បីឱ្យពួកគេគ្រប់គ្រងការងារឱ្យបានល្អ ពីព្រោះព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់ភាពរីកចម្រើនរបស់ប្រទេសជាតិ ។ ចំណែកការចូលរួមក្នុងសិក្ខាសាលាវិញ លោកសប្បាយរីករាយ ដោយលោកពុំចាំបាច់និយាយអ្វីទេ ព្រោះការចូលរួមនេះ លោកគ្រាន់តែអង្គុយស្តាប់បញ្ហាផ្សេងៗរបស់ពលរដ្ឋ ។
លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «អ្នកចូលរួមក្នុងសិក្ខាសាលាបានយល់ឃើញបែបណាខ្លះ ហើយពួកគេចង់ឱ្យប្រទេសជាតិដើរទៅរកទិសដៅណា ។ ចំណុចសំខាន់បំផុត យើងកុំភ្លេចថា សមាជិកសភាតំណាងរាស្ត្រ គឺជាអ្នកតំណាងឱ្យពលរដ្ឋ ។ ដូច្នេះហើយ ទើបខ្ញុំចង់មកស្តាប់ថា តើពួកគេគិតឃើញដូចម្តេច? ពលរដ្ឋបារម្ភលើបញ្ហាអ្វីខ្លះ ឬពលរដ្ឋចង់បានអ្វី ។ យើងក៏មានក្រុមការងារមកពីវិមានរដ្ឋាភិបាលផងដែរ បានមកចូលរួមស្តាប់ការបញ្ចេញយោបល់របស់ពលរដ្ឋ» ។
ចំណែកវីដេអូជនជាតិចិនស្លៀកពាក់ឯកសណ្ឋានប៉ូលិសថៃនេះ ទើបតែបង្ហោះក្នុងបណ្តាញសង្គមកាលពីដើមខែធ្នូ ឆ្នាំ២០២៣ ។ ពលរដ្ឋថៃលើកឡើងថា តើគិតថាខ្លួនឯងមានប្រាក់ច្រើន ចង់ធ្វើអ្វីក៏បាន មែនទេ? ខណៈពលរដ្ឋថៃខ្លះទៀតថា ជនជាតិចិនរូបនេះបានស្លៀកពាក់ឯកសណ្ឋានប៉ូលិសថៃ ថែមទាំងមានប៉ូលិសថៃឈរចាំបើកទ្វាររថយន្តឱ្យទៀតផង ។
បើតាមលោក ចាំរូន ឆៃស៊ី ជាប៉ូលិសផ្នែកហ្វឹកហាត់នៅការិយាល័យប៉ូលិសកណ្តាលប្រទេសថៃឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរចិនចំនួន២នាក់បានមកហាត់បា.ញ់កាំភ្លើ.ងនៅទីលានខាងក្រោយនៃការិយាល័យប៉ូសិសបង្ក្រាបថ្នាំញៀ.ន ។ ពួកគេបានបា.ញ់កាំភ្លើងរួចរាល់នៅម៉ោង៥ល្ងាច បន្ទាប់មក ទីលានបា.ញ់កាំភ្លើ.ងបានបិទ ហើយជនជាតិចិនទាំង២នាក់គ្មានរថយន្តជិះចេញមកក្រៅទេ ។ ពួកគេត្រូវដើរឆ្ងាយរហូតដល់ជាង១គីឡូម៉ែត្រ ឃើញបែបនេះ លោកក៏ប្រាប់ឱ្យពួកគេឡើងជិះរថយន្តរបស់លោកចេញមកក្រៅទីលាន ដើម្បីហៅរថយន្តតាក់ស៊ីជិះ ។
លោក ចាំរូន ឆៃស៊ី បន្តថា នៅក្នុងរថយន្តរបស់លោក គឺមានឯកសណ្ឋានប៉ូលិសនៅក្នុងនោះ ស្រាប់តែជនជាតិចិនរូបនេះយកវាមកពាក់ខ្លួនឯង ហើយនិយាយថា ចង់ថតរូបទុកមើល ។ លោកក៏មិនដឹងថា ជនជាតិចិនរូបនេះថតវីដេអូយកទៅបង្ហោះក្នុងបណ្តាញសង្គម និងធ្វើឱ្យមានការយល់ខុសកើតឡើង ។ លោកបញ្ជាក់ថា លោកគ្រាន់តែជួយយកអាសារពួកគេ និងគ្មានចេតនាមិនល្អ ឬទទួលបានផលប្រយោជន៍អ្វីទេ ។ លោកក៏មិនយល់ថា ជនជាតិចិននិយាយបែបណាខ្លះទេក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ៕ ប្រភព ៖ The better