ប្រទេសថៃ ៖ ពលរដ្ឋថៃជាច្រើននាក់បានមកចូលរួមកម្សាន្តក្នុងកម្មវិធីបណ្តែតប្រទីបប្រចាំឆ្នាំ២០២៣ នៅប្រឡាយ Ong Ang ទីក្រុងបាងកក ក្នុងនោះមានទាំងការបណ្តែតប្រទីបធម្មតា និងបែបឌីជីថល ។ អាជ្ញាធរក្រុងបាងកកឱ្យដឹងថា ការបណ្តែតប្រទីបឌីជីថលទទួលបានការពេញនិយមច្រើននៅឆ្នាំនេះ ដោយសារបានជួយកាត់បន្ថយសំរាមក្នុងទឹក ហើយវានឹងបំផុសគំនិតថ្មីៗសម្រាប់ឆ្នាំខាងមុខទៀត ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Chatchart Sitthiphan អភិបាលក្រុងបាងកក បានធ្វើជាប្រធានបើកកម្មវិធីបណ្តែតប្រទីបនៅតំបន់សាំផាន់ថាវង្ស ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបន្តប្រពៃណី និងរបៀបរស់នៅរបស់សហគមន៍ទាក់ទងនឹងទន្លេ តាំងពីបុរាណមកដល់បច្ចុប្បន្ន ។
នៅឆ្នាំ២០២៣ ទីក្រុងបាងកកបានរៀបចំពិធីបណ្តែតប្រទីបប្រភេទថ្មីមួយទៀត ក្រៅពីការបណ្តែតប្រទីបតាមបែបធម្មជាតិ គឺបណ្តែតប្រទីបឌីជីថលនៅបរិវេណស្ពានបពិតផុមុខ ។ ចំណែកការរៀបចំវិញមានលក្ខណៈងាយស្រួល ពីព្រោះនៅបរិវេណនេះនឹងមានប្រទីបចំនួន៥ប្រភេទសម្រាប់ឱ្យអ្នកចូលរួមជ្រើសរើស ។
ពលរដ្ឋថៃជាច្រើននាក់បានមកតម្រង់ជួរ និងផាត់ពណ៌នៅលើក្រដាសដែលបានត្រៀមទុកជាង៥.០០០សន្លឹក ឬពួកគេអាចផាត់ពណ៌ប្រទីបនៅលើអាយផេត ព្រមទាំងសរសេរឈ្មោះ, ពាក្យជូនពរ ឬអាចសរសេរអ្វីផ្សេងទៀតតាមតម្រូវការ ។ នៅពេលផាត់ពណ៌ប្រទីបរួចរាល់ ពួកគេត្រូវយកក្រដាសនេះទៅឱ្យក្រុមការងារស្កេនចូលក្នុងកម្មវិធី និងរង់ចាំប្រមាណ៣០វិនាទី បន្ទាប់មក គេនឹងបញ្ចាំងស្លាយរូបភាពប្រទីបទៅក្នុងប្រឡាយទឹក ។ វាបានក្លាយជាការបណ្តែតភ្លើងចម្រុះពណ៌ក្នុងស្រះទឹកយ៉ាងស្រស់ស្អាត ។
លោក Sanon Wangsangbun អភិបាលរងក្រុងបាងកកលើកឡើងថា ការបណ្តែតប្រទីបឌីជីថលទទួលបានការពេញនិយមខ្លាំងពីសំណាក់ពលរដ្ឋថៃ ហើយវាអាចជួយកាត់បន្ថយសំរាមនៅក្នុងទឹកទៀតផង ។ លោកសង្ឃឹមថា នឹងមានការបំផុសគំនិតថ្មីៗសម្រាប់ឆ្នាំខាងមុខទៀត ។
លោក Sanon បន្តថា លោករីករាយណាស់ដែលឃើញមនុស្សមកចូលរួមច្រើន ហើយពួកគេមិនត្រឹមតែផាត់ពណ៌ប្រទីបតែម្យ៉ាងទេ ប៉ុន្តែវាជាទំនាក់ទំនងគ្រួសារ ព្រោះអាចធ្វើសកម្មភាពរួមគ្នាបាន ។ លើសពីនេះ វានៅតែរក្សាភាពទាក់ទាញនៃពិធីបណ្តែតប្រទីប, កាត់បន្ថយសំរាម និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ។ អ្នកចូលរួមមិនចាំបាច់យកអ្វីមកជាមួយទេ ព្រោះយើងបានត្រៀមឧបករណ៍រួចរាល់ហើយ ។ រីឯអ្នកមិនចង់រង់ចាំ ពួកគេអាចផាត់ពណ៌ប្រទីបនៅផ្ទះបាន ឬផាត់ពណ៌ក្នុងអាយផេតក៏បាន ។
លោក Sanon លើកឡើងថា ៖ «យើងមិននិយាយសំដៅតែកម្មវិធីឆ្នាំនេះទេ ប៉ុន្តែវាជាការបំផុសគំនិតថ្មីៗបន្តទៀត ។ ខ្ញុំជឿថា នៅឆ្នាំ២០២៤ នឹងមានការរៀបចំពិធីច្រើនជាងនេះ ហើយនឹងមានអ្នកយកគំនិតនេះទៅអនុវត្ត ឬមានគំនិតថ្មីៗថែមទៀត ។ ខ្ញុំយល់ថា យើងនឹងជួយគិតគ្នារកគំនិតបណ្តែតប្រទីបតាមវិធីថ្មី ហើយការបណ្តែតប្រទីបឌីជីថលនឹងទទួលបានការពេញនិយមនៅថ្ងៃអនាគត» ។
ចំណែកអ្នកមកចូលរួមក្នុងពិធីបណ្តែតប្រទីបឌីជីថលនៅឆ្នាំ២០២៣ មានទាំងជាលក្ខណៈគ្រួសារ និងនាំកូនចៅមកផាត់ពណ៌ប្រទីប ខណៈអ្នកខ្លះទៀតមកជាដៃគូ ឬជាមួយមិត្តភក្តិ ។ អ្នកមកចូលរួមម្នាក់ និងផាត់ពណ៌ប្រទីបដោយអាយផេតប្រាប់ថា ខ្លួនបានតាំងចិត្តមកចូលរួមពិធីបណ្តែតប្រទីបឌីជីថលនេះ ព្រោះនឹងអាចប្រើប្រាស់ការច្នៃប្រឌិត និងមិនបំផ្លាញប្រព័ន្ធអេកូឡូស៊ី ៕










