ប្រទេសចិន ៖ មន្ត្រីក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិប្រចាំប្រទេសចិន ឈ្មោះ Wang Xia បានលើកឡើងក្នុងកម្មវិធីពិព័រណ៍រថយន្តអន្តរជាតិនៅទីក្រុងក្វាងចូវ លើកទី២១ ថា ចិននឹងក្លាយជាប្រទេសនាំចេញរថយន្តច្រើនជាងគេលើពិភពលោកនៅឆ្នាំ២០២៣ យ៉ាងពិតប្រាកដ ។ ជាក់ស្តែង បរិមាណការនាំចេញរថយន្តរបស់ចិនទៅក្រៅប្រទេស ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ គឺស្មើនឹង៣លាន៩សែនគ្រឿង ។
មន្ត្រីក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិរូបនេះបន្តថា បច្ចុប្បន្ន ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនកំពុងតែឈានឆ្ពោះទៅរកលំដាប់ពិភពលោកយ៉ាងរឹងមាំ បើទោះជាបរិយាកាសជុំវិញមានភាពស្មុគស្មាញក៏ដោយ ។
នៅត្រីមាសទី១ នៃឆ្នាំ២០២៣ ប្រទេសចិនបាននាំចេញរថយន្តសរុបទៅក្រៅប្រទេស ស្មើជាង១លានគ្រឿង និងបានវ៉ាដាច់ប្រទេសជប៉ុនជាលើកដំបូង ហើយចិនបានក្លាយជាប្រទេសនាំចេញរថយន្តដ៏ច្រើនបំផុតនៅលើពិភពលោក ។ រីឯបរិមាណការនាំចេញរថយន្តក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣ បានកើនឡើង៥៩,៧% បើធៀបពី១ឆ្នាំទៅ១ឆ្នាំ គឺស្មើនឹង៣លាន៩សែន២ម៉ឺនគ្រឿង ។
ចំណែកតម្លៃការនាំចេញសម្រាប់រថយន្ត១គ្រឿងក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២៣ បានកើនឡើងរហូតដល់១៣ម៉ឺន៧ពាន់យាន់ (ឬស្មើប្រមាណ១៩.១០០ដុល្លារអាមេរិក) ពីតម្លៃ៨៥.០០០យាន់ (ឬស្មើប្រមាណ១១.៨៤០ដុល្លារអាមេរិក) នៅឆ្នាំ២០១៤ ។ ទីផ្សាររថយន្តរបស់ចិននឹងទទួលយកកំណើនថ្មីៗបន្ថែមទៀត ដោយសារប្រទេសចិនបានកំណត់វិធានការជាច្រើនដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ច និងលើកកម្ពស់ការប្រើប្រាស់ ក៏ដូចជាអ្នកប្រើប្រាស់ចាប់ផ្តើមមានទំនុកចិត្តឡើងវិញផងដែរ ៕










