នៅក្នុងកម្មវិធីជប់លៀងខួបកំណើតដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រវិស័យបវរកញ្ញាដោយគេកម្រឃើញបវរកញ្ញាមកពីស្ថាប័នផ្សេងៗគ្នាមកដើរម៉ូតជុំគ្នាបែបនេះ។ ក្នុងវីដេអូនោះមានបវរកញ្ញាល្បីៗជាច្រើនរូបដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី , សំណាង អេលីណា, ប៊ី សុធារី , ភឹម ស្រីនោ និងសៃ ហ្វុន ជាដើមបានដើរម៉ូតជុំគ្នាយ៉ាងរីករាយដែលជាទិដ្ឋភាពកម្រមួយដែលអ្នកគាំទ្រពុំបានឃើញពីមុនឡើយ។

ជាទូទៅបវរកញ្ញានៅប្រទេសកម្ពុជាមានច្រើនស្ថាប័នផ្សេងៗគ្នាទៅតាមកម្មវិធីនីមួយៗ ហើយអ្នកគាំទ្រពុំសូវជាបានឃើញបវរកញ្ញាមកពីស្ថាប័នផ្សេងៗគ្នាមានសកម្មភាពរួមគ្នាទេដោយសារបវរកញ្ញាទាំងនោះមានការងាររៀងៗខ្លួន។ យ៉ាងណាមិញ អ្នកគាំទ្រវិស័យបវរកញ្ញាញញឹមបិទមាត់មិនជិតដោយសារតែឃើញទិដ្ឋភាពដ៏កម្រដោយឃើញបរវកញ្ញាមកពីស្ថាប័នផ្សេងៗគ្នាជាច្រើនរូបបានដើរម៉ូតជុំគ្នាយ៉ាងរីករាយនៅក្នុងកម្មវិធីខួបកំណើតមួយ។

តាមការបង្ហោះរបស់លោក លី ប៊ែរ នៅយប់ថ្ងៃទី២៣ វិច្ឆិកា បវរកញ្ញាមកចូលរួមកម្មវិធីជប់លៀងហើយបានដើរម៉ូតជុំគ្នាមានដូចជា សំណាង អេលីណា Miss International Cambodia 2023, ភឹម ស្រីនោ Miss Grand Cambodia 2023 , សៃហ្វុន Miss Queen Cambodia 2020 និងជាលំដាប់រងទី១ Miss Universe Cambodia2023 , ស៊ូ ស្រីនីត លំដាប់រងទី៣ Miss Grand Cambodia 2023 , ប៊ី សុធារី Miss Charm Cambodia 2023 , ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និង ចាន់ គង្គារ Cambodia’s Next Top Model ក្នុងរដូវកាលទី១ ។

សកម្មភាពរបស់បវរកញ្ញាខាងលើនេះ បានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងសូម្បីតែអ្នកបង្ហោះផ្ទាល់ក៏បានលើកឡើងដែរថា ទិដ្ឋភាពបែបនេះប្រហែលជាមិនអាចកើតឡើងម្ដងទៀតទេ គ្រប់គ្នាសុទ្ធតែចង់ឃើញបវរកញ្ញាមកពីគ្រប់ស្ថាប័នដើរម៉ូតជុំគ្នា។
អ្នកខ្លះទៀតក៏បានលើកឡើងដែរថា នេះជាអ្វីដែលពួកគេចង់ឃើញជាយូរមកហើយនឹងចង់ឱ្យបវរកញ្ញាគ្រប់ស្ថាប័នទាំងអស់មានកម្មវិធីសំណេះសំណាលគ្នាមិនដឹងថាល្អយ៉ាងណាទេព្រោះសុទ្ធតែជាខ្មែរតែមួយមិនកាច់កុងគ្នាឡើយ៕