ទឹកភ្នែកតែមួយគត់ដែលកូនក្រមុំគួរយំក្នុងថ្ងៃរៀបការនោះ គឺជាទឹកភ្នែកដ៏រីករាយ។ ប៉ុន្តែគួរឱ្យសោកស្តាយសម្រាប់កូនក្រមុំជាជនជាតិចិនម្នាក់ត្រូវស្រក់ទឹកភ្នែកក្នុងពិធីមង្គលរបស់ខ្លួនព្រោះតែពាក្យសម្តីមិនចេះគិតរបស់ភ្ញៀវដែលចូលរួមដោយពួកគេបានប្រើពាក្យសម្តីមិនសមរម្យមើលងាយរូបរាងរបស់នាង។
រូបភាព និងវីដេអូខ្លីៗពីពិធីមង្គលការមួយក្នុងទីក្រុង Jiangsu ប្រទេសចិន បានក្លាយជាប្រធានបទដ៏ក្តៅគគុកលើអ៊ីនធឺណិត បន្ទាប់ពីភ្ញៀវចូលរួមពិធីមង្គលការសើចដាក់កូនកំលោះនិងបាននិយាយមើលងាយយ៉ាងសាហាវអំពីទម្ងន់របស់កូនក្រមុំ។ បន្ទាប់មកកូនកំលោះបានលួងលោមកូនក្រមុំយ៉ាងរហ័សព្រោះនាងកំពុងខូចចិត្តជាទម្ងន់។
អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលនោះ កូនកំលោះបានវាយបកទៅពាក្យសម្តីមិនសមរម្យរបស់ភ្ញៀវដោយកូនកំលោះប្រាប់ពួកគេថា « អ្នកត្រូវបានអញ្ជើញ [ក្នុងពិធីមង្គលការនេះ] ដើម្បីឱ្យពរខ្ញុំ កុំលេងសើចនឹងប្រពន្ធខ្ញុំ»។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន កូនកំលោះបានបកស្រាយនិងពាក្យចចាមអារ៉ាមជុំវិញអាពាហ៍ពិពាហ៍របស់ខ្លួនដោយបានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រឡាញ់កូនក្រមុំគឺជាខ្លួននាងមិនមែនជានរណាឡើយ។ មិនថាចំណុចល្អ ឬមិនល្អរបស់នាង មិនថានាងធាត់ឬស្គម ស្អាតឬអាក្រក់ អ្នកមានឬអ្នកក្រ ឱ្យតែពួកគេទាំងពីរនាក់យល់ចិត្តគ្នា ដឹងពីគ្នា គ្មានអ្វីដែលសំខាន់ជាងនេះនោះទេ។.jpg)
របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយមិនបានបញ្ជាក់ពីអត្តសញ្ញាណកូនក្រមុំ កូនកំលោះ ដូចជាអាយុ ទម្ងន់របស់កូនក្រមុំ មុខរបរឡើយ។ អ្នកលេងបណ្តាញសង្គមជាច្រើនបានពោលសរសើរពីកូនកំលោះដែលបានការពារកិត្តិយសកូនក្រមុំរបស់ខ្លួន និងបានបញ្ជាក់ពីចិត្តស្មោះទៅកាន់នាងដោយមិនខ្វល់ថានាងមានរូបរាងបែបណា អ្នកណាមើលមកយ៉ាងម៉េចដឹងត្រឹមថាកូនកំលោះស្រលាញ់កូនក្រមុំខ្លាំង។
នេះបញ្ជាក់ឱ្យយើងឃើញថាស្នេហាស្មោះពិតជាមាននៅលើលោកនេះ។ ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមក៏ពោលពាក្យជូនពរទៅកាន់ពួកគេទាំងពីរនាក់ឱ្យមានសុភមង្គលក្នុងជីវិតគូផងដែរ៕.jpg)










