ប្រទេសចិន៖ បច្ចុប្បន្ន ប្រទេសចិនកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើម ឬជំងឺរលាកសួត ដែលភាគច្រើនពាក់ព័ន្ធនឹងកុមារ បានជំរុញឱ្យអង្គការសុខភាពពិភពលោក (WHO) ស្នើសុំព័ត៌មានលម្អិតពីទីក្រុងប៉េកាំង។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា យោងតាម Sky News បានឱ្យដឹងថា ប្រទេសចិនបានកត់ត្រាការកើនឡើងនៃករណី “ជំងឺរលាកសួតស្រដៀងនឹងជំងឺគ្រុនផ្តាសាយ” ចាប់តាំងពីពាក់កណ្តាលខែតុលាមកម្លេះ ដែលវាស្រដៀងទៅនឹងពេលដែលជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងកាលពី ៣ ឆ្នាំមុន។ WHO បាននិយាយថា “អង្គការសុខភាពពិភពលោកបានធ្វើសំណើផ្លូវការមួយដោយសុំឱ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃចំនួនករណីជំងឺផ្លូវដង្ហើម និងចង្កោមជំងឺរលាកសួតចំពោះកុមារ” ។
យោងតាមគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន (NHC) បាននិយាយកាលពីសប្តាហ៍មុនថា ការកើនឡើងយ៉ាងខ្លាំងនៃករណីផ្លូវដង្ហើមនេះ គឺដោយសារតែគោលនយោបាយនៃការដកវិធានការរឹតបន្តឹងដើម្បីការពារ Covid-19 និងការរីករាលដាលនៃមេរោគដូចជាជំងឺផ្តាសាយ និងការឆ្លងមេរោគបាក់តេរីផ្លូវដង្ហើមផ្សេងទៀត។ រដ្ឋធានីប៉េកាំងនៅភាគខាងជើងប្រទេសចិនកំពុងជួបប្រទះនឹងភាពត្រជាក់ខ្លាំង ដោយសីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះក្រោមសូន្យនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ។ ដូច្នេះហើយ មន្ត្រីបានផ្តល់អនុសាសន៍ឱ្យពង្រឹងការតាមដានជំងឺរាតត្បាតនៅតាមគ្រឹះស្ថានសុខាភិបាល និងសហគមន៍ ក៏ដូចជាការពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលផងដែរ។
អង្គការសុខភាពពិភពលោក (WHO) បានទាក់ទងទៅវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារនៅក្នុងប្រទេសចិន ហើយបានជំរុញឱ្យប្រជាជនក្នុងប្រទេសនេះចាត់វិធានការបង្ការដូចជា ការចាក់វ៉ាក់សាំង រក្សាចម្ងាយ ពាក់ម៉ាស់ និងនៅផ្ទះពេលឈឺ លាងដៃឱ្យបានញឹកញាប់។ ទោះជាយ៉ាងណាក៏ដោយ កាលពីដើមឆ្នាំនេះ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ពួកគេជឿថាប្រទេសចិនមានទិន្នន័យបន្ថែមទៀតដែលអាចបំភ្លឺអំពីប្រភពដើមនៃ Covid-19 ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំងចែករំលែកព័ត៌មាននេះបន្តទៀត៕










