ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Sakda Boonluek អាយុ៣៦ឆ្នាំ ជាអាជីវករលក់បន្លែនៅក្នុងផ្សារ «ផិម៉ាយមឿងម៉ៃ» ស្ថិតនៅស្រុកផិម៉ាយ ខេត្តនគររាជសីម៉ា ប្រទេសថៃ បាននិយាយប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ន បន្លែបង្ការបានឡើងថ្លៃស្ទើរគ្រប់មុខ ដូចជា ម្ទេសស្រស់ និងស្ពៃ ជាដើម ។ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ បន្លែពុំទាន់ឡើងថ្លៃទេ ប៉ុន្តែនៅពេលអាកាសធាតុចាប់ផ្តើមត្រជាក់ ស្រាប់តែបន្លែស្រស់ឡើងថ្លៃខ្ពស់ ។
អាជីវកររូបនេះបន្តថា ជាធម្មតា ម្ទេសស្រស់មានតម្លៃ៧០បាតក្នុង១គីឡូក្រាម បានកើនឡើងរហូតដល់១០០បាតក្នុង១គីឡូក្រាម ។ ចំណែកស្ពៃមានតម្លៃ១០០បាតក្នុង១គីឡូក្រាម បានកើនឡើងរហូតដល់១៣០បាតក្នុង១គីឡូក្រាម ។ ដូចគ្នានេះ បន្លែបង្ការផ្សេងៗទៀត ដូចជា ស្លឹកខ្ទឹម និងជី ក៏បានឡើងថ្លៃផងដែរ ហើយធ្វើឱ្យអ្នកមកទិញបន្លែនៅក្នុងផ្សាររអ៊ូរទាំគ្រប់ៗគ្នាថា សព្វថ្ងៃនេះ តម្លៃបន្លែថ្លៃខ្លាំងណាស់ ។
ចំពោះមូលហេតុបណ្តាលឱ្យបន្លែបង្ការភាគច្រើនឡើងថ្លៃ ដោយសារចម្ការបន្លែផ្សេងៗដែលដាំដុះបន្លែសម្រាប់លក់នៅក្នុងប្រទេសថៃ និងនាំចេញទៅក្រៅប្រទេស កំពុងជួបនឹងបញ្ហាអាកាសធាតុត្រជាក់ ។ ហេតុនេះ ធ្វើឱ្យមានទឹកដក់លើបន្លែច្រើននៅពេលយប់ ហើយបណ្តាលឱ្យបន្លែទាំងនេះមិនអាចធំលូតលាស់ ព្រោះជួបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ។
លើសពីនេះ កសិករ និងម្ចាស់ចម្ការបន្លែមួយចំនួនបានជួបនឹងបញ្ហាបន្លែស្អុយ ឬងា.ប់នៅក្នុងចម្ការ ហើយថែមទាំងមានសត្វល្អិតបំផ្លាញទៀតផង ទើបធ្វើឱ្យការដាំដុះបន្លែពុំទទួលបានផលច្រើន ។ ប៉ុន្តែតម្រូវការទិញបន្លែនៅលើទីផ្សារបែរជាកើនឡើង ទើបធ្វើឱ្យតម្លៃបន្លែកើនឡើងខ្ពស់បែបនេះ ៕










