សហព័ន្ធអារ៉ាប់រួម ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហោះហើរ «ប៉ាអ៊ី» របស់កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន «អាល់ម៉ាក់ធុម» ស្ថិតនៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម ដើម្បីចូលរួមក្នុងកម្មវិធីពិព័រណ៍អាកាសចរណ៍នៅទីក្រុងឌូបៃ លើកទី១៨ ។
ពិព័រណ៍អាកាសចរណ៍នៅទីក្រុងឌូបៃ គឺជាកម្មវិធីមួយដែលរៀបចំឡើងយ៉ាងអធិកអធមបំផុត ។ កម្មវិធីនេះប្រមូលផ្តុំទៅដោយក្រុមហ៊ុនអាកាសចរណ៍ឈានមុខលំដាប់ពិភពលោក ដើម្បីបង្ហាញលទ្ធផលការងារថ្មីចុងក្រោយបង្អស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញពាណិជ្ជកម្មផងដែរ ដែលត្រូវបានគេរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ។
ពិព័រណ៍អាកាសចរណ៍លើកនេះ គឺជាលើកដំបូងហើយដែលកងទ័ពអាកាសចិនបានមកចូលរួមបង្ហាញយន្តហោះនៅទីក្រុងឌូបៃ ។ ក្រុមហោះហើរ «ប៉ាអ៊ី» បានធ្វើការបង្ហាញការហោះហើររបស់ពួកគេចំនួន៤លើក ដោយសហការរៀបចំកម្មវិធីជាមួយក្រុមអាកាសចរណ៍ប្រទេសរុស្ស៊ី, អ៊ីតាលី, សហព័ន្ធអារ៉ាប់រួម និងឥណ្ឌា ។
បើតាមអ្នកគ្រប់គ្រងក្រុមហោះហើរ «ប៉ាអ៊ី» ឱ្យដឹងថា ពួកគេគ្រោងបង្ហាញការហោះហើរចំនួន៣ឈុត រួមទាំងការហោះហើរសរុបជាង២០ប្រភេទ ។ ពួកគេជឿថា នឹងអាចបង្ហាញការហោះហើរដ៏អស្ចារ្យ សម្រាប់អ្នកចូលរួមទស្សនាក្នុងកម្មវិធីពិព័រណ៍អាកាសចរណ៍លើកនេះ ៕
ប្រភព ៖ China face










