តាមការបញ្ជាក់របស់តារាចម្រៀង វណ្ណដា នៅលើបណ្តាញសង្គមនេះជាលើកទី១ហើយដែលរូបគេមានឱកាសសម្តែងនៅខេត្តក្រចេះក្នុងកម្មវិធី «បុណ្យភូមិមានជើងខេត្តក្រចេះ»។ មិនត្រឹមតែមានវត្តមានតារាចម្រៀងល្បីឈ្មោះរូបនេះប៉ុណ្ណោះទេ តែក៏មានមានសិល្បករ សិល្បការនីទាំងបុរាណ និងសម័យផ្សេងទៀតចូលរួមផងដែរ។
បុណ្យភូមិមានជើង ធ្វើឡើងរួមគ្នាដើម្បីទិវាកុមារពិភពលោក ដោយបានរៀបចំចំនួន៣នៅថ្ងៃទី១៧ ១៨ និង១៩ វិច្ឆិកា លើទឹកដីខេត្តក្រចេះ ខណៈនៅថ្ងៃទី១៩ មានកម្មវិធីប្រគំតន្រ្តីដោយមានសិល្បករ សិល្បការីជាច្រើនចូលរួមដូចជា វណ្ណដា វណ្ណថាន ក្រុម ប៉ូឡារិច កេសរ សាយ ចំរើន សុភា ឆាឆា រ៉េនី តារា ក្សត្រា មិថុនា ក្រុមពន្លឺព្រះចន្ទ និងក្រុមរបាំសហសម័យ ប្រាសាទ។
រយ:ពេល ៣ថ្ងៃ នៃបុណ្យភូមិមានជើងលោកអ្នកនឹងទទួលភាពសប្បាយរីករាយ និងការសាទរនូវស្នាដៃសិល្បៈប្រចាំខេត្តក្រចេះ ការប្រកួតទេពកោសល្យ សិល្បៈពីប្អូនៗសិស្សវិទ្យាល័យ ការជិះទូកទស្សនាសត្វផ្សោត ទស្សនាតំបន់វប្បធម៌ប្រវត្តិសាស្ដ្រ លេងល្បែងប្រជាប្រិយ ភ្លក្សអាហារឆ្ងាញ់ៗប្រចាំតំបន់ ក្រាលកន្ទេលទស្សនាការសម្ដែងសិល្បៈគ្រប់ទម្រង់ និងការប្រគំតន្ដ្រីពីសំណាក់សិល្បករល្បីៗជាច្រើនរូប និងកម្មវិធីសប្បាយៗជាច្រើនទៀត។
តាមការរៀបរាប់របស់ផេក «បុណ្យភូមិមានជើងខេត្តក្រចេះ» រឹតតែធ្វើឱ្យលោកអ្នកពិបាករំលងកម្មវិធីនេះណាស់ព្រោះបានរៀបរាប់ពីខេត្តក្រចេះដែលពោរពេញទៅដោយសក្តានុពល នៃសហគមន៍ទេសចរណ៍ ធម្មជាតិ បរិស្ថាន អាហារឆ្ងាញ់ៗតាមតំបន់ដ៏គួរឱ្យទាក់ទាញមានដូចជា ណែម ក្រឡាន ក្រូចថ្លុងនៅកោះទ្រង់ ផ្សោតទន្លេ។ លើសពីនេះខេត្តក្រចេះមានសម្បត្តិបេតិកភណ្ឌ និងសិល្បៈនានាដូចជា ផ្ទះខ្មែរសសរ១០០ ព្រះវិហារបុរាណ វត្តរការកណ្តាល ព្រមទាំងមានរបាំតាមតំបន់ឈរចាំទទួលសាទរ ទេសចរជាតិ និងអន្តរជាតិគ្រប់ទិសទី៕