អាចម៍ផ្កាយគឺជាអង្គសិលាតូចៗ ដែលកើតចេញពីផ្កាយព្រះគ្រោះ ហើយធ្វើដំណើរជុំវិញព្រះអាទិត្យ។ យោងតាមអ្នកវិទ្យាសាស្ត្ររបស់អង្គការ NASA បានបង្ហាញពីទិន្នន័យដែលប្រមូលបានដោយមជ្ឈមណ្ឌលសិក្សាវត្ថុជិតផែនដី (CNEOS) រកឃើញថា អាចម៍ផ្កាយទាំង ៥ ខាងក្រោមនេះគឺមានហានិភ័យខ្ពស់បំផុតក្នុងការបុកផែនដីនាពេលអនាគត។
១.អាចម៍ផ្កាយ Bennu៖ Bennu គឺជាអាចម៍ផ្កាយដែលមានទំហំ ០,៤៩ គីឡូម៉ែត្រ និងទម្ងន់ ៦៧ លានតោន វាត្រូវបានរកឃើញនៅឆ្នាំ ១៩៩៩ នឹងជាអាចម៍ផ្កាយដែលនៅជិតផែនដីបំផុត។ Bennu បានបង្កហានិភ័យនៃការបុកទង្គិចខ្លាំងបំផុតចំពោះភពផែនដី ប៉ុន្តែមិនមែនបច្ចុប្បន្នទេ គឺនៅពេលអនាគត។ យោងតាមអ្នកវិទ្យាសាស្ត្រ NASA បានគណនាថា នៅពេលដែល Bennu ខិតមកជិតផែនដីនៅឆ្នាំ ២១៨២ វានឹងមានឱកាស ០.០៣៧% (១/២,៧០០) ក្នុងការធ្លាក់មកលើភពផែនដី។
២.អាចម៍ផ្កាយ 2023 TL4៖ 2023 TL4 គឺជាអាចម៍ផ្កាយដែលមានទំហំ ០.៣៣ គីឡូម៉ែត្រ និងទម្ងន់ ៤៣ លានតោន ហើយត្រូវបានរកឃើញនៅឆ្នាំ ២០២៣ ដោយអ្នកវិទ្យាសាស្ត្របង្ហាញថាវត្ថុដែលទើបរកឃើញថ្មីនេះអាចក្លាយជាអាចម៍ផ្កាយគ្រោះថ្នាក់បំផុតមួយរបស់ផែនដី។ ដូច្នេះ នៅឆ្នាំ ២១១៩ អាចម៍ផ្កាយនេះអាចនឹងបុកមកផែនដីក្នុងឱកាស ០.០០០៥៥% (១/១៨១,០០០)។
៣. អាចម៍ផ្កាយ 29075 (1950 DA)៖ 29075 ឬ 1950 DA គឺជាអាចម៍ផ្កាយដែលត្រូវបានគេជឿថាសម្បូរទៅដោយជាតិដែក និងនីកែលច្រើនបំផុត។ វាអាចមានឱកាសបុកទៅនឹងផែនដីនៅឆ្នាំ ២៨៨០ ដោយអាចម៍ផ្កាយនេះមានទំហំ ១,៣ គីឡូម៉ែត្រ និងបរិមាណ ៧១ លានតោន។ ដូច្នេះ ប្រសិនបើអាចម៍ 1950 DA ធ្លាក់មកផែនដី វានឹងបញ្ចេញថាមពលស្មើនឹង ៧៥ ពាន់លានតោននៃ TNT ដែលមានទំហំធំល្មមនឹងបង្កជាគ្រោះមហន្តរាយពិភពលោកដែលអាចបំផ្លាញមនុស្សជាតិបាន។
៤.អាចម៍ផ្កាយ 2007 FT3៖ 2007 FT3 ត្រូវបានគេចាត់ទុកថាជាអាចម៍ផ្កាយដែលបាត់បង់ព្រោះតារាវិទូមិនបានឃើញវាចាប់តាំងពីឆ្នាំ ២០០៧ មកម្លេះ ប៉ុន្តែ NASA បានព្យាករណ៍ថាវាមានឱកាសនៃការបុកផែនដីនៅឆ្នាំ ២០៣០។ អាចម៍ផ្កាយនេះមានទំហំ ០,៣៤ គីឡូម៉ែត្រ និងបរិមាណ ៤៩ លានតោន ដែលគ្រប់គ្រាន់ដើម្បីបង្កការខូចខាតក្នុងតំបន់ ប៉ុន្តែមិនមែនជាការគំរាមកំហែងជាសកលនោះទេ។
៥.អាចម៍ផ្កាយ 1979 XB៖ 1979 XB មិនត្រូវបានគេឃើញក្នុងរយៈពេលប្រហែល ៤០ ឆ្នាំ ដូច្នេះអ្នកស្រាវជ្រាវដឹងតិចតួចណាស់អំពីគន្លងរបស់វា។ ទោះជាយ៉ាងណាក៏ដោយ តាមការយល់ដឹងរបស់អ្នកវិទ្យាសាស្ត្រ CNEOS បានឱ្យដឹងថា អាចម៍ផ្កាយនេះអាចនឹងមានឱកាស ០.០០០០៥៥% (១/១.៨ លាន) មកបុកផែនដីនៅឆ្នាំ ២១១៣។ ដូច្នេះអាចម៍ផ្កាយនេះអាចមានទំហំ ០,៦៦ គីឡូម៉ែត្រ និងបរិមាណ ៣៥៤ លានតោន៕










