អ្នកលេងបណ្តាញសង្គមកំពុងមិនពេញនិងរិះគន់យ៉ាងខ្លាំងទៅលើនារីម្នាក់ដែលគេសង្ស័យថាជាជនជាតិវៀតណាមហើយបានស្លៀកសំលៀកបំពាក់ថៃ កាត់តមានរូបទង់ជាតិនិងស្តេចថៃបង្ហោះនៅបណ្តាញសង្គមទិកតុកដោយដាក់ភ្លេងថៃទៀត ប៉ុន្តែការថតនោះគឺនៅលើទឹកដីប្រាសាទអង្គរវត្ត។ គេមិនដឹងថានារីនោះមានគោលបំណងនិងចេតនាអ្វីនោះទេដែលធ្វើបែបនេះ ខណៈអ្នកលេងបណ្តាញសង្គមស្នើទៅក្រសួងពិនិត្យលើករណីនេះ។
ដូចមហាជនជ្រាបមកហើយថា អាជ្ញាធរជាតិអប្សរាបានចេញលិខិតណែនាំក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណមរតកមិនអាចកាត់ថ្លៃបានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរាចំពោះគោលបំណងមួយចំនួនដូចជា ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា។ ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ជាដើមត្រូវដាក់លិខិតអនុញ្ញាតជាមុនសិន។ ដោយឡែកសម្រាប់ការថតរូបភាពឬវីដេអូក្នុងគោលបំណងសម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ពុំចាំបាច់សុំលិខិតអនុញ្ញាតជាមុននោះទេ។
ទោះយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមទាំងហ្វេកប៊ុក និងទិកតុកបង្ហាញជាចង្ងល់ និងរិះគន់យ៉ាងខ្លាំងទៅលើនារីម្នាក់ដែលថតនៅប្រាសាទខ្មែរប៉ុន្តែធ្វើទង្វើមិនសមទំនងយ៉ាងនេះទៅវិញ។ នារីរូបនោះត្រូវបានគេសង្ស័យថាជាជនជាតិវៀតណាម បានស្លៀកសំលៀកបំពាក់ប្រពៃណីថៃ ថតនៅប្រាសាទអង្គរវត្ត ដោយកាត់តដាក់រូបទង់ជាតិថៃ ស្តេចថៃ និងដាក់បទចម្រៀងថៃទៅវិញដោយគេមិនដឹងថានារីរូបនោះមានគោលបំណង និងចេតនាអ្វីនោះទេបានជាធ្វើបែបនេះ។
អ្នកលេងបណ្តាញសង្គមជាច្រើនបានប្រមូលគ្នា Report គណនីទិកតុកនោះនិងបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំងនូវទង្វើរបស់នាងធ្វើដាក់កម្ពុជាបែបនេះទាំងដឹងថាប្រាសាទអង្គរវត្តជារបស់ខ្មែរ តែធ្វើយ៉ាងនេះទៅវិញ។ ជាមួយគ្នានេះដែរ ពលរដ្ឋកំពុងបង្ហាញចង្ងល់ ដូចគ្នាតើការស្លៀកឈុតបុរាណថៃថតនៅប្រាសាទខ្មែរមានទទួលបានការអនុញ្ញាតិពីអាជ្ញាធរជាតិអប្សរាហើយឬនៅ? តើការថតនេះស្ថិតក្នុងលក្ខខណ្ឌបែបណាដែរ ដោយពលរដ្ឋបានស្នើទៅក្រសួងពាក់ព័ន្ធជួយពិនិត្យមើលលើករណីនេះ៕