បន្ទាប់ពីដឹងដំណឹងព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ មានអាការៈសុខភាពមិនសូវល្អដោយសារតែជំងឺសួត និងជំងឺទឹកនោមផ្អែមតារាចម្រៀងរ៉េប វណ្ណដា បានទៅសួរសុខទុក្ខដោយផ្ទាល់នៅផ្ទះលោកតាគង់ ណៃ ស្ថិតនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ដូចមហាជនជ្រាបមកហើយថាចុងក្រោយនេះសុខភាពរបស់លោកតា គង់ ណៃ ពុំសូវជាល្អនោះទេដោយសារតែជំងឺទឹកផ្អែមនោមផ្អែមរបស់លោកតារើឡើងដែលធ្វើឱ្យសុខភាពកាន់តែខ្សោយ ឯស្មារតីរបស់លោកវិញក៏វង្វេងផងដែរ។ ដោយដឹងដំណឹងអាការៈសុខភាពព្រឹទ្ធាចារ្យ គង់ ណៃ មិនសូវល្អតារាចម្រៀងរ៉េប វណ្ណដា បានទៅសួរទុក្ខលោកតា គង់ ណៃ ដោយផ្ទាល់ផងដែរ។
តាមការបង្ហោះរបស់លោក គង់ សម័យ ដែលត្រូវជាកូនប្រុសរបស់ព្រឹទ្ធាចារ្យ គង់ ណៃ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសរសេរអមជាមួយរូបភាពមួយសន្លឹកថា«អរគុណប្អូនប្រុសអាយដល វណ្ណដា ដែលបានមកសួរសុខទុក្ខ លោកពុក គង់ ណៃ»។ បើតាមរូបភាពដែលបង្ហោះនោះឃើញថាសុខភាពរបស់លោកតា គង់ ណៃ ហាក់ល្អប្រសើរជាងមុនបន្តិចហើយបន្ទាប់ពីបណ្តោងសេរ៉ូមនៅស្រុកកំណើត។
បើតាមការបញ្ជាក់កូនប្រុសរបស់លោកតា គង់ ណៃ បានប្រាប់អ្នកសារព័ត៌មានថាជាប្រចាំរៀងរាល់២ខែម្តងគឺត្រូវឡើងមកមន្ទីរពេទ្យរុស្សីដើម្បីទទួលថ្នាំព្យាបាលដោយកាលពីមុន១ខែម្តងដោយសារតែធ្វើដំណើរឆ្ងាយគ្រូពេទ្យសម្រេចឱ្យមក២ខែម្តងវិញ។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ព្រឹទ្ធាចារ្យ គង់ ណៃ មានជន្មាយុ៧៨ឆ្នាំ។ លោកតាបានសាងភាពល្បីរន្ទឺយ៉ាងខ្លាំងជាមួយតារាចម្រៀង វណ្ណដា ក្នុងបទចម្រៀងមួយបទមានចំណងជើងថា «Time To Rise» ត្រឹមរយៈពេលជាង២ឆ្នាំមកនេះមានអ្នកទស្សនាជាង១១៧លានដងនៅលើឆាណែលយូធូបជាមួយ subtitle រហូតដល់ចំនួន១២ភាសា។
លោកតា គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ៕











