ប្រទេសជប៉ុន ៖ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យឧតុនិយមជប៉ុនរាយការណ៍ថា មានកោះថ្មីមួយទៀតបានផុសឡើងចេញពីសមុទ្រនៅបរិវេណឆ្នេរសមុទ្រនៃកោះ Iwo Jima របស់ប្រទេសជប៉ុន ។ កោះថ្មីដែលមិនទាន់មានឈ្មោះនេះ បានកើតឡើងដោយសារការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ ។
កោះផុសចេញពីទឹកសមុទ្រនេះ ត្រូវបានថតដោយកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងរូបភាពនេះបានបង្ហាញពីការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ និងបន្សល់ទុកនូវផេះពណ៌ខ្មៅនៅលើកោះ ។
បច្ចុប្បន្ន កោះថ្មីត្រូវបានរាប់ជាកោះមួយក្នុងចំណោមប្រជុំកោះ Ogasawara ។ ការិយាល័យឧតុនិយមជប៉ុនបានកត់ត្រាការផ្ទុះភ្នំភ្លើងនៅក្នុងតំបន់នេះតាំងពីឆ្នាំ២០២២ មកម៉្លេះ ប៉ុន្តែវិទ្យាស្ថានស្រាវជ្រាវគ្រោះរញ្ជួយដីប្រចាំសាកលវិទ្យាល័យតូក្យូបញ្ជាក់ថា ការផ្ទុះភ្នំភ្លើងរហូតកើតជាកោះ ទើបតែកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ។
ចំណែកអ្នកជំនាញនិយាយថា កោះនេះប្រហែលជានៅមិនយូរទេ ។ លោក Usui Yuji អ្នកវិភាគផ្នែកភ្នំភ្លើងរបស់ការិយាល័យឧតុនិយមជប៉ុនឱ្យដឹងថា ការផ្ទុះភ្នំភ្លើងនៅបរិវេណនេះបានធ្លាក់ចុះ ហើយកោះទើបតែកើតនេះ ក៏បានស្រុតចុះបន្តិចផងដែរ ដោយសារផ្ទាំងថ្មបានបាក់ជាកំណាត់ៗ ហើយវាអាចអណ្តែតដោយងាយ ។
លោក Usui Yuji អ្នកវិភាគផ្នែកភ្នំភ្លើងបន្តថា កោះថ្មីនេះនឹងអាចនៅបានយូរ ប្រសិនបើវាកើតពីកំអែលភ្នំភ្លើង ឬអ្វីមួយដែលរឹងមាំជាងថ្មភ្នំភ្លើង ។ យើងគ្រាន់តែចង់អភិវឌ្ឍន៍វា ប៉ុន្តែកោះនេះអាចនៅមិនបានយូរទេ វានឹងបាត់ទៅវិញហើយ ។
នៅប្រទេសជប៉ុនធ្លាប់មានហេតុការណ៍ផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ និងគ្រោះរញ្ជួយដី ហើយបង្កើតបានជាកោះថ្មីៗ ។ ជាក់ស្តែង កាលពីឆ្នាំ២០១៣ ការផ្ទុះភ្នំភ្លើងនៅ Nishinoshima ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងទីក្រុងតូក្យូ បានបង្កើតជាកោះថ្មី ហើយកោះថ្មីនេះបានពង្រីកខ្លួនជាបន្តបន្ទាប់ ។ ចំណែកនៅប្រទេសប៉ាគីស្ថាន ក៏មានកោះតូចៗផុសឡើងពីបាតសមុទ្រផងដែរ ក្រោយពីកើតគ្រោះរញ្ជួយដីកម្រិត៧.៧វ៉ិចទ័រនៅឆ្នាំដដែល ៕
ប្រភព ៖ pptvhd










