ភ្នំពេញ ៖ កាលពីថ្ងៃសុក្រទី១០ខែវិច្ឆិកានេះ លោកស្រីជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (National Bank Cambodia) បាននិយាយថា ប្រទេសកម្ពុជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្នុងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក អំឡុងពេលពីរទសវត្សរ៍កន្លងមកនេះ។
លោកស្រីបានបន្តថា គោលការណ៍នៃដកប្រាក់ដុល្លារពីសេដ្ឋកិច្ចជាតិ ក្នុងន័យបង្កើននូវការប្រើប្រាស់ប្រាក់រៀលដែលជារូបីយប័ណ្ឌក្នុងស្រុក គឺត្រូវពឹងផ្អែកទៅលើយន្តការទីផ្សារ និងតាមវិធីសាស្រ្តបន្តិចម្តងៗ ដោយធនាគារជាតិកម្ពុជាបានអនុវត្តវិធានការតាមគោលនយោបាយផ្សេងៗ ដើម្បីលើកកម្ពស់ប្រាក់រៀលចាប់តាំងពីដើមឆ្នាំ 2000 មកម្លេះ ហើយជាលទ្ធផលតម្រូវការប្រាក់រៀលបានកើនឡើងជាបន្តបន្ទាប់។
លោកស្រីបានបន្ថែមថា កាលពី២០ឆ្នាំមុន បរិមាណប្រាក់រៀលដែលបានចរាចរលើទីផ្សារមានចំនួនត្រឹមតែ០.៨៥ពាន់ពាន់លានរៀល (ប្រហែល ២១១ លានដុល្លារអាមេរិក) និងកើនឡើងដល់ ១៤.៥ ពាន់ពាន់លានរៀល (ប្រហែល ៣.៥១ ពាន់លានដុល្លារ) នៅថ្ងៃនេះ”។ ជាមួយគ្នានេះ ការប្រើប្រាស់ប្រាក់រៀលបានកើនឡើងជាបណ្តើរៗទាក់ទងនឹងប្រាក់បញ្ញើ ឥណទាន និងប្រតិបត្តិការទូទាត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
លោកស្រីបានបន្ថែមថា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គួបផ្សំនឹងសន្តិភាពនិងស្ថេរភាពនយោបាយ បានបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីទទួលបានទំនុកចិត្តជាសាធារណៈឡើងវិញនៃការប្រើប្រាស់រូបិយប័ណ្ណរៀលក្នុងសេដ្ឋកិច្ចជាតិ។ ជាពិសេស គឺការកើនឡើងនៃតួនាទីប្រាក់រៀលសម្រាប់ការទូទាត់ទំនិញផ្សេងៗ និងការសន្សំជាដើម។
គួរបញ្ជាក់ផងដែរថា ប្រាក់ដុល្លារបានបញ្ជ្រៀតចូលទៅក្នុងសេដ្ឋកិច្ចកម្ពុជា តាមរយៈការអន្តរាគមន៍ពីភ្នាក់ងារអន្តរជាតិ គឺក្នុងសម័យអ៊ុនតាក់ ដែលពេលនោះអ៊ុនតាក់បានចំណាយប្រាក់ទៅលើប្រតិបត្តិការស្វែងរកសន្តិភាព(ក្នុងអំឡុងពេលនៃការបោះឆ្នោតលើកដំបូងនៃកម្ពុជា ឆ្នាំ១៩៩៣) ក្នុងចំនួនទឹកប្រាក់ ១,៧ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៧៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាផងដែរ។










