ការប្រកួតនៅកម្ពុជាមិនធ្លាប់មានឡើយកន្លងមក ហើយវិធីសាស្ត្រនៃការប្រកួតកាន់តែសាហាវ ប្លែកៗ ដែលធ្វើឱ្យមហាជនមិនដឹងរឿងមានការយល់ច្រឡំ គិតខុសដោយមិនដឹងពីលក្ខណៈបច្ចេកទេសការប្រកួត ការដាក់ពិន្ទុ និងវាយតម្លៃតាមតែការយល់ឃើញរបស់ខ្លួនប៉ុណ្ណោះ ។ ខាងក្រោមនេះ គឺជាការចុះផ្សាយពីបណ្តាញសង្គមថៃដែលបានផ្សាយ និងលើកមកបង្ហាញមហាជនឱ្យបានដឹងរឿងពិតនៅពីក្រោយខ្នងនៃការប្រកួត ។ បើបានដឹងការពិត យើងគ្រប់គ្នានឹងអាណិតកីឡាករ ព្រំ សំណាង និងសរសើរគាត់ពីការហ៊ានតស៊ូមិនចុះចាញ់ ។ នេះជាមូលហេតុដែលពេលប្រកាសលទ្ធផល គឺស្មើគ្នាជាមួយកំពូលស្តេចប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច និង ព្រំ សំណាង ។ ស្របពេលជាមួយគ្នាផងដែរ ក៏មានការជជែកវែកញែក ផ្គូផ្គងរវាងកីឡាករកម្ពុជា ជាមួយកំពូលស្តេចប្រដាល់មីយ៉ាន់ម៉ា ឈ្មោះ ដាវ លីឌុច ដោយលើកឡើងនូវការបញ្ចេញយោបល់មានដូចខាងក្រោមនេះ ។
ទំព័រហ្វេសប៊ុកថៃបានចុះផ្សាយ ដោយដាក់ចំណងជើងថា ៖ ស្តេចប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច វាយកីឡាករខ្មែរដល់បែកមុខហើយ តែពលរដ្ឋខ្មែរភាគច្រើនបានលើកសរសើរពីកីឡាករមីយ៉ាន់ម៉ាទៅវិញ ។
បណ្តាញសង្គមរបស់ថៃឈ្មោះ «កោះក្រាស៊ែ» បានដកស្រង់សម្តីដោយបានចុះផ្សាយថា វាបានក្លាយជាប្រធានបទមួយដែលបណ្តាញសង្គមខ្មែររិះគន់យ៉ាងខ្លាំងពាក់ព័ន្ធនឹងករណីកំពូលកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានជួបប្រកួតជាមួយនិងស្តេចប្រដាល់របស់មីយ៉ាន់ម៉ា ឈ្មោះ ដាវ លីឌុច ។ ក្នុងអំឡុងពេលប្រកួតគ្នានេះ កីឡាករ ព្រំ សំណាង គឺជាអ្នកទទួលរងកណ្តាប់ដៃ ហើយកីឡាករ ដាវ លីឌុច បានប្រើកណ្តាប់ដៃមួយទំហឹង និងធ្វើឱ្យកីឡាករ ព្រំ សំណាង ដួលដេកនៅលើសង្វៀនជាច្រើនលើកច្រើនសារ ។
ទំព័រហ្វេសប៊ុកកោះក្រាស៊ែបានបន្តថា គេអាចមើលឃើញយ៉ាងច្បាស់ថា កំពូលកីឡាករគុនខ្មែររូបនេះបានរងនូវកណ្តាប់ដៃរបស់កីឡាករមីយ៉ាន់ម៉ាជាច្រើនលើក ប៉ុន្តែរូបគាត់បានព្យាយាមតស៊ូរហូតដល់ចប់ការប្រកួត ដែលនៅលើផ្ទៃមុខពោរពេញទៅដោយស្នាមជាំ ។ ក្រោយការប្រកួតចប់ គណៈកម្មការបានដាក់ពិន្ទុឱ្យកីឡាករទាំងពីររូបមានពិន្ទុស្មើគ្នា ហើយធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់រិះគន់ពីការសម្រេចចិត្តនេះ ។
ទំព័រហ្វេសប៊ុកខាងលើនេះក៏បានបន្ថែមទៀតថា បន្ទាប់មក កីឡាករ ព្រំ សំណាង ក៏បានសរសេរនៅក្នុងហ្វេសប៊ុកថា ៖ «សូមទោស អ្នកទាំងអស់គ្នា ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រខ្ញុំ និងការបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នា» ។
ក្រោយចប់ការប្រកួតរវាងកីឡាករទាំង២រូប ធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅកម្ពុជាជាច្រើននាក់បានបញ្ចេញមតិរិះគន់ថា កីឡាករ ព្រំ សំណាង ឡើងប្រដាល់ហាក់មិនបានហ្វឹកហាត់ជាមុន ហើយគណៈកម្មការគួរតែឱ្យកីឡាករ ធឿន ធារ៉ា ឡើងប្រកួតជាមួយកីឡាករ ដាវ លីឌុច ព្រោះកីឡាករ ធឿន ធារ៉ា អាចនឹងយកឈ្នះកីឡាករមីយ៉ាន់ម៉ាបាន ។
ទំព័រហ្វេសប៊ុកដដែលខាងលើ ក៏បានដកស្រង់យកការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមមួយចំនួនមកចុះផ្សាយ ក្នុងនោះពលរដ្ឋខ្មែរម្នាក់និយាយថា ៖ «បងកុំអស់សង្ឃឹមអី កូនខ្មែរនៅតែគាំទ្របងជានិច្ច» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «មិនអីទេបង កីឡាមានឈ្នះ មានចាញ់ ក៏ប្អូនគាំទ្រដែរ ថ្ងៃក្រោយ នឹងឈ្នះបង» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ខ្ញុំគិតថា អ្នកធ្វើវាបានល្អហើយ តែពលរដ្ឋខ្មែរភាគច្រើនមិនពេញចិត្ត ព្រោះការប្រដាល់របស់អ្នកមិនល្អដូចមុន» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ឈ្នះ១០០ដង ចាញ់១ដង ចាប់ផ្តើមជាន់ពន្លិច ។ ស្តេចប្រដាល់ថៃ ប៊ួ ខាវ មិនហ៊ានវាយផង ចុះគាត់ហ៊ានវាយ គាត់ខំអស់ពីសមត្ថភាពហើយ នៅតែមិនត្រូវចិត្តពួកលោកឯងទៀត» ។
ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «មិនបាច់បន្ទោសខ្លួនឯងទេបង សុំសរសើរបង ព្រំ សំណាង ដែលហ៊ានទទួលពាក្យវ៉ៃអំបោះឆៅពី ដាវ លីឌុច លក្ខណៈ Mac Fight ហើយបង ព្រំ សំណាង ដឹងច្បាស់ហើយថា មិនមែនជំនាញវ៉ៃអំបោះឆៅទេ ។ ពិភពលោក អ្នកណាមិនស្គាល់ ដាវ លីឌុច ជំនាញវ៉ៃអំបោះឆៅសាហាវណាស់ កណ្តាប់ដៃធ្ងន់ៗ មួយដៃៗ មិនមានអ្នកណាអាចឈរបានទេ ដឹងតែសន្លប់ហើយ ។ ខ្ញុំមើលវីដេអូពេលកំពុងប្រកួត ខ្ញុំក៏ឱ្យបងឈ្នះដែរ ប៉ុន្តែគេជំនាញជាងយើងណាស់ ខុសគ្នាដាច់ស្រឡះ ។ បងតស៊ូបាន៩នាទីហើយមិនសន្លប់ បើអ្នកផ្សេងប្រហែលជាសន្លប់បាត់ទៅហើយ ។ នេះបញ្ជាក់ថា តស៊ូដល់ទីបញ្ចប់ ហើយចប់ការប្រកួត មិនមានអ្នកសន្លប់ ។ លទ្ធផល គឺស្មើគ្នា» ។
ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «អរគុណបង ដែលបានព្យាយាមតស៊ូប្រកួតចប់៩នាទី ។ ដៃគូបងខ្លាំង គេជា King of Lethwei យើងត្រូវទទួលស្គាល់… លទ្ធផលស្មើគ្នានេះ គឺពេញចិត្តខ្លាំងណាស់ហើយ គាំទ្របងជានិច្ច» ។ រីឯជនជាតិមីយ៉ាន់ម៉ាបញ្ចេញមតិថា ៖ «ខ្ញុំសង្កេតឃើញថា មើលទៅអ្នកហត់នឿយខ្លាំងណាស់ តែសុំសរសើរដែលអាចតស៊ូដល់តឹកចុងក្រោយ» ។
ទំព័រហ្វេសប៊ុកកោះក្រាស៊ែបញ្ជាក់ថា នេះគ្រាន់តែជាការបញ្ចេញមតិមួយចំនួនរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះ សម្រាប់កីឡាករមីយ៉ាន់ម៉ា ឬកីឡា Lethwei ។ វាជាសិល្បៈការតស៊ូបុរាណរបស់ប្រទេសមីយ៉ាន់ម៉ា ដែលអាចត្រឡប់ទៅមើលអតីតកាលរាប់ពាន់ឆ្នាំនៅប្រទេសមីយ៉ាន់ម៉ា ។ កីឡា Lethwei ទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមមនុស្សទូទៅ ប៉ុន្តែនៅលើសង្វៀនប្រកួតអន្តរជាតិ គេពុំទាន់ស្គាល់កីឡានេះច្រើនទេ ។
ការប្រដាល់របស់មីយ៉ាន់ម៉ានៅសម័យបុរាណ នឹងគ្មានការសម្រេចចិត្ត, គ្មានការដាក់ពិន្ទុ ហើយអ្នកប្រកួតត្រូវតែយកឈ្នះ ដោយការធ្វើឱ្យដៃគូម្ខាងទៀតសន្លប់ ឬរ.ងរបួ.ស រហូតដល់មិនអាចតស៊ូបន្តទៀតបាន ។ បើគ្មានអ្នកណាម្នាក់ដួលទេ គឺចាត់ទុកថា ពួកគេមានពិន្ទុស្មើគ្នា ហើយពេលខ្លះ ដៃគូអាចសម្រាក និងងើបឡើងមកវាយបន្តបាន ។ ចំណែកការប្រកួតវិញ អាចចំណាយពេលវេលាជាច្រើនថ្ងៃ ។
ការបិទប្រទេស និងគ្មានទំនាក់ទំនងជាមួយប្រទេសផ្សេងៗ បានធ្វើឱ្យកីឡារបស់មីយ៉ាន់ម៉ាក្លាយជាសិល្បៈការតស៊ូតែនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ បច្ចុប្បន្ន ត្រូវបានគេផ្លាស់ប្តូរឱ្យទាន់សម័យកាលតាមពេលវេលា ហើយកីឡានេះក៏ចាប់ផ្តើមមានគេស្គាល់នៅលើសង្វៀនពិភពលោក ៕ ប្រភព ៖ កោះក្រាស៊ែ










