មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងនិងមិនអស់ចិត្តទាល់តែសោះបន្ទាប់ពីកញ្ញា សំណាង អេលីណា មិនបានចូល Top អាចបើកទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់កម្មវិធី Miss International 2023 ជាបវរកញ្ញាពេញដោយសមត្ថភាពមានទាំងព្រមទៅហើយនៅតែខាងកម្មវិធីមើលរំលង។
វគ្គផ្តាច់ព្រ័ត្រកម្មវីធីប្រកួត Miss International 2023 លើកទី៦១ ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុនបានរកឃើញម្ចាស់មកុដហើយនៅយប់ថ្ងៃទី២៦ ខែតុលា គឺបានទៅលើបវរកញ្ញាមកពីប្រទេសវេណេហ្ស៊ុយអេឡា។ អ្វីដែលអ្នកគាំទ្រកម្ពុជាមានការសោកស្តាយដែលមិនអាចពិពណ៌នាបាននោះបវរកញ្ញាតំណាងប្រទេស សំណាង អេលីណា មិនអាចចូល Top15 ក្នុងកម្មវិធីបាន។
អ្នកគាំទ្រវិស័យបវរកញ្ញាសម្លឹងឃើញថា សមត្ថភាព អេលីណា បានទាំងអស់មិនថាសម្រស់ ភាសា ចំណេះដឹង អត្តចរិត គឺមានទាំងព្រមហើយ ខណៈបវរកញ្ញាប្រទេសផ្សេងទៀតសុទ្ធតែចូលចិត្តនាង។ ពួកគេលើកឡើងទៀតថា បវរកញ្ញារូបនេះមានសមត្ថភាពយ៉ាងនេះទៅហើយនៅតែមិនអាចចូលថប់បានទៀត ខាងកម្មវិធីនៅតែមើលរំលងប្រទេសកម្ពុជារហូត អ្នកគាំទ្រមិនអស់ថែមទាំងព្រលយពាក្យថាសមត្ថភាព សំណាង អេលីណា ទៅហើយមិនដឹងថាខាងកម្មវិធីចង់បានអ្វីទៀតទេ។
បន្ទាប់ពីខកបំណងដែលមិនអាចបើកទំព័រប្រវត្តិសាស្រ្តកម្ពុជាចូលថប់បាន សំណាង អេលណា បានបង្ហោះនៅលើ Story ថ្លែងអំណរគុណសម្រាប់ការស្រឡាញ់និងការគាំទ្រពីប្រជាជនកម្ពុជាដែលបានផ្តល់ឱ្យនាង។ ក្នុងនោះ សំណាង អេលីណា បានសុំការអភ័យទោស ដែលមិនបាននាំយកសមិទ្ធិផលមកប្រទេសកម្ពុជាវិញ ហើយនាងសង្ឃឹមថា នាងនៅតែដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រជានិច្ច។ ឃ្លាចុងក្រោយ អេលីណា ថានាងបានព្យាយាមអស់ពីសមត្ថភាពហើយ ស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់។
គួរបញ្ជាក់ថា កម្មវិធីប្រកួត Miss International 2023 មានបេក្ខភាពសរុបចំនួន៧០នាក់ ប្រទេសក្នុងតំបន់អាស៊ាន ដែលបានចូលTop7 មានដូចជា ថៃ និង ហ្វីលីពីន ចំណែកឯ វៀតណាម និង ម៉ាឡេស៊ី បានចូលTop15 ៕










