ផលិតកម្ម JYP Entertainment ដែលគ្រប់គ្រងក្រុមចម្រៀងល្បី TWICE និង Stray Kids គ្រោងនឹងសាងសង់ទីស្នាក់ការកណ្តាលថ្មីនៅតំបន់ Godeok Gangil ទីក្រុងសេអ៊ូល ដោយរបាយការណ៍ថ្មីៗនេះបានឱ្យដឹងថា មានដីមួយកន្លែងដែលមានទំហំប្រហែល ១០,៦៧៥ ម៉ែត្រការ៉េ ក្នុងតម្លៃប្រហែល ៧៥.៥ ពាន់លានវ៉ុន ប្រមាណ៥៦.២ លានដុល្លារ តាមរយៈការដេញថ្លៃជាមួយសាជីវកម្មលំនៅដ្ឋាន និងសហគមន៍សេអ៊ូល (SH Corporation)។
ការទិញយកដីនេះគឺពិសេសសម្រាប់សាងសង់ទីស្នាក់ការថ្មីរបស់ពួកគេដោយទីស្នាក់ការកណ្តាលបច្ចុប្បន្នរបស់JYP បានប្រើប្រាស់តាំងពីឆ្នាំ ២០១៨ នៅជិតឧទ្យានអូឡាំពិកក្នុងទីក្រុងសេអ៊ូល។ ទោះជាយ៉ាងណាក៏ដោយ វាមានទំហំតូចជាងបើប្រៀបធៀបទៅនឹងគូប្រជែងរបស់ពួកគេមួយចំនួននៅក្នុងឧស្សាហកម្ម K-pop ដូចជា HYBE, SM និង YG Entertainment ។
JYP មានបំណងបង្កើនប្រតិបត្តិការ និងប្រសិទ្ធភាពរបស់ពួកគេ ដោយការមានទីស្នាក់ការកណ្តាលធំជាង និងរួមបញ្ចូលគ្នាកាន់តែច្រើន ស្របតាមផែនការពង្រីករយៈពេលវែងរបស់ពួកគេ។
ផលិតកម្មនេះបាននិងកំពុងបង្ហាញពីកំណើនជាលំដាប់ ជាមួយនឹងលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូល ១៥១.៧ ពាន់លានវ៉ុន (ប្រមាណ១១២ លានដុល្លារ) និងប្រាក់ចំណេញប្រតិបត្តិការ ៤៥.៧ ពាន់លានវ៉ុន (ប្រមាណ៣៤ លានដុល្លារ) សិល្បករដែលកើបចំណូលដល់ផលិតកម្មនេះគឺបានមកពីក្រុមចម្រៀង TWICE និង Stray Kid បានទទួលជោគជ័យយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មតន្ត្រី៕










