ប្រជាជន Mundari នៃក្រុមកុលសម្ព័ន្ធស៊ូដុងបានអារថ្ងាសរបស់ពួកគេដើម្បីបង្កើតជារាងអក្សរ V នៅពេលដែលពួកគេពេញវ័យ នឹងតែងតែគោរពសត្វគោជានិច្ច។
យោងតាម Africa Geographic ដែលជាអង្គការទេសចរណ៍នៅទ្វីបអាហ្រ្វិក បានឱ្យដឹងថា ជនជាតិ Mundari គឺជាក្រុមជនជាតិដើមភាគតិចនៃជ្រលងភ្នំនីល។ ដោយសារតែទឹកដីរបស់ប្រជាជន Mundari ព័ទ្ធជុំវិញទៅដោយទន្លេនីល ទើបពួកគេមានលក្ខខណ្ឌល្អសម្រាប់ការចិញ្ចឹមសត្វ ដូច្នេះហើយបានជាពួកគេមានទំនៀមទម្លាប់នៃការផ្តល់តម្លៃដល់សត្វពាហនៈជាពិសេសគឺសត្វគោ។

ជនជាតិ Mundari មានជំនឿថា គោគឺជាស្តេចសត្វ នឹងជានិមិត្តរូបនៃអំណាច ក៏ដូចជានិមិត្តរូបនៃទ្រព្យសម្បត្តិជាដើម។ ហេតុនេះហើយទើបប្រជាជនកុលសម្ព័ន្ធនេះមិនសូវមានជម្លោះដីធ្លីនោះទេ ហើយក៏មិនចូលចិត្តការធ្វើសង្គ្រាមអ្វីដែរ ប៉ុន្តែភាគច្រើនគឺមានជម្លោះទាក់ទងនឹងសត្វគោ ដោយពួកគេតែងប្រើប្រាស់កាំភ្លើងដើម្បីការពារសត្វរបស់ពួកគេជានិច្ច ហើយពេលខ្លះពួកគេក៏គិតថាជីវិតសត្វគោគឺមានតម្លៃជាងមនុស្សទៅទៀត។

ទោះជាយ៉ាងណាក៏ដោយ ទំនៀមទំលាប់ដ៏ប្លែកមួយទៀតរបស់ក្រុមកុលសម្ព័ន្ធ Mundari គឺការអារថ្ងាសជាពិធីដ៏សំខាន់មួយ ដើម្បីសម្គាល់ភាពចាស់ទុំរបស់បុរស។ ដូច្នេះបុរស Mundari នៅពេលចាស់ទុំត្រូវធ្វើពិធីនៃការឈានចូលវ័យជាច្រើនជាមួយនឹងព្រឹទ្ធាចារ្យភូមិរយៈពេលបីខែ បន្ទាប់ពីដំណើរការបញ្ចប់ ថ្ងាសរបស់ពួកគេនឹងមានស្នាមវះដែលបង្កើតជារាងអក្សរ V ។

ក្នុងពេលរៀបការ គ្រួសារកូនកំលោះនឹងត្រូវយកសត្វគោចំនួន ៤០ក្បាលទៅជូនគ្រួសារកូនក្រមុំដើម្បីជាថ្លៃបណ្តាការ។ សម្រាប់ជីវិតរស់នៅរបស់ពួកគេវិញគឺមានទំនួលខុសត្រូវដាច់ដោយឡែកពីគ្នា ដោយបុរសនាំគោទៅវាលស្រែពេលថ្ងៃ ហើយឃ្វាលគោត្រឡប់ទៅកសិដ្ឋានវិញមុនថ្ងៃលិច រីឯស្ត្រីសម្អាតផ្ទះ និងរៀបចំអាហារសម្រាប់មនុស្សគ្រប់គ្នា ចំពោះក្មេងៗវិញសម្អាតកសិដ្ឋានដោយប្រមូលលាមកសត្វមកដុតនៅពេលរសៀល។

គួរបញ្ជាក់ដែរថា ប្រជាជន Mundari នៃក្រុមកុលសម្ព័ន្ធស៊ូដុងមិនទទួលទានសាច់គោឡើយ ដោយពួកគេយកឈាមគោ ឬទឹកនោមគោ និងទឹកដោះគោជាអាហារប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសនេះបានផ្លាស់ប្តូរបន្តិចម្ដងៗទៅតាមបរិបទសង្គម ក៏ដូចជាបានមើលពិភពលោកខាងក្រៅជាមួយស្មាតហ្វូនផងដែរ៕