បរទេស៖ យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិកដែលបានប្រកាសថ្មីៗនេះថា លោកប្រធានាធិបតី Joe Biden នឹងត្រូវទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនាថ្ងៃទី១៨ ខែតុលា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា ប្រធានាធិបតីនឹងបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់អាមេរិកជាមួយអ៊ីស្រាអែល ក៏ដូចជាប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ខ្លួន។ លោក Blinken ក៏បានបន្តទៀតថា ប្រធានាធិបតី Biden «សង្ឃឹមថានឹងអាចសម្របសម្រួល ដើម្បីកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល ក៏ដូចជាអនុញ្ញាតឱ្យក្រុមជំនួយមនុស្សធម៌បានទៅដល់តំបន់ Gaza Strip របស់ប៉ាឡេស្ទីនផងដែរ។
យោងតាមប្រភពព័ត៌មាន ABC News បានឱ្យដឹងទៀតថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tel Aviv បានព្រមព្រៀងគ្នា “បង្កើតផែនការអនុញ្ញាតឱ្យក្រុមជំនួយមនុស្សធម៌ពីប្រទេស និងអង្គការពហុភាគី បានទៅដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា” ដែលជាតំបន់បិទដោយអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស ។
នៅថ្ងៃដដែលនោះ សេតវិមានក៏បានប្រកាសថា លោក Biden នឹងធ្វើដំណើរពីអ៊ីស្រាអែលទៅកាន់ហ្ស៊កដានី ដើម្បីជួបជាមួយមេដឹកនាំប៉ាឡេស្ទីន Mahmud Abbas និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi រួមជាមួយស្តេចហ្ស៊កដានី Abdullah II ដែលរំពឹងថានឹងពិភាក្សា “តម្រូវការមនុស្សធម៌របស់ជនស៊ីវិលទាំងអស់នៅក្នុងស្ទ្រីប Gaza”។
គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះសិទ្ធិការពារអ៊ីស្រាអែល ប្រឆាំងនឹងសកម្មភាពរបស់ក្រុមហាម៉ាស ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ឱ្យរដ្ឋាភិបាលអ៊ីស្រាអែលនូវអ្វីដែលខ្លួនត្រូវការដើម្បីការពារសាធារណៈជន៕










