លោកស្រី ទ្រី ដាណា បានទម្លាយរឿងដ៏នឹកស្មានមិនដល់ពី ប៊ុត សីហា ដែលខ្លួនខំជួយជ្រោមជ្រែងផ្តល់លុយផ្តល់កាក់រាប់ម៉ឺនដុល្លារ ប៉ុន្តែអ្នកចម្រៀងញៀនគ្រឿងញៀនរូបនេះមិនចេះក្តោបឱកាសធ្វើឱ្យលោកស្រីបានត្រឹមតែពោលសោកស្តាយសមត្ថភាពរបស់គេ។
នៅលើបណ្តាញសង្គមរបស់លោកស្រីទ្រី ដាណា នារសៀលថ្ងៃទី១៣ កញ្ញា បានឱ្យដឹងថា «ជិត១០ម៉ឺនដុល្លារ និងឱកាសការងារ ដែលខ្ញុំបានជួយនិងផ្ដល់ឱ្យ ប៊ុត សីហា តែគួរស្ដាយគាត់មិនអាចកែបាន ហើយម្សិលមិញក៏ឃើញសមត្ថកិច្ចឃាត់ខ្លួនរឿងគ្រឿងញៀន។ សម្រាប់ខ្ញុំ ចូលចិត្តផ្ដល់ឱកាសឱ្យគេណាស់ហើយសម្រាប់ ប៊ុត សីហា ពេលមកជួបខ្ញុំដំបូង សន្យាថាកែខ្លួន សុំការងារ និងសុំកសាងជីវិតថ្មី ដោយពេលនោះថតវីដេអូនិងឡាយមុខបងប្អូនជាសាធារណៈ»។
លោកស្រីបានបន្តថា «ខ្ញុំបានផ្ដល់លុយសុទ្ធគាត់ ៦ម៉ឺនដុល្លារ ទិញឡាន ទិញផ្ទះ ហើយជួយចេញលុយឱ្យគាត់ផលិតបទចម្រៀងជាច្រើនបទដោយផ្ដល់ប្រាក់ខែឱ្យជាប្រចាំខ្ទង់ពាន់ដុល្លារ។ តែមួយរយៈខ្លី ក៏ឮថាលក់ឡាន លក់របស់អស់ ចាយលុយអស់ ដើរលេង ទាក់ទងលែងបានលែងថតបទចម្រៀង។ សម្រាប់ខ្ញុំ ជួយគេមិនដែលចង់បានអីមកវិញ ក៏មិនដែលរំឮកដែរ វាជាបុណ្យរបស់ខ្ញុំ តែខ្ញុំស្ដាយសមត្ថភាព។ យ៉ាងណាក៏ហួសអស់ហើយ រឿងបន្តទៀតមានតែខ្លួនគាត់ប៉ុណ្ណោះ ព្រោះជីវិតមនុស្សមិនអាចមានឱកាសច្រើនដងទេ»។
បន្ទាប់ពីអ្នកជំនួញរូបនេះបង្ហើបប្រាប់ដូចនេះហើយ មហាជនសម្តែងការហួសចិត្តជាខ្លាំង មិនគួរ ប៊ុត សីហា ជាមនុស្សកែមិនឡើងដូច្នេះសោះមានឱកាសហើយប៉ុន្តែមិនស្រវារបែរជាប្រព្រឹត្តខុសឆ្គងម្តងហើយម្តងទៀត ខណៈអ្នកមួយចំនួនមិនមានឱកាសដូចជារូបគេឡើយខំប្រឹងក្រាញននៀលយ៉ាងខ្លាំងនៅលើវិថីសិល្បៈនេះ។
សូមរម្លឹកថា ប៊ុត សីហា ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃា.ត់ខ្លួនជាប់សង្ស័យទាក់ទងនឹងគ្រឿងញៀននៅល្ងាចថ្ងៃទី១២ ខែកញ្ញា ខណៈកាលពីខែកុម្ភៈ ឆ្នាំ២០១៨ អតីតម្ចាស់ពានរូបនេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនដូចគ្នាពីករណីប្រើប្រាស់គ្រឿងញៀន៕










