ប្រទេសថៃ ៖ នៅស្រុកសែងសាង ខេត្តនគររាជសីម៉ា គឺជាតំបន់ដាំដុះដំឡូងមីដ៏ធំមួយក្នុងខេត្តនេះ និងតំបន់ភាគខាងត្បូងឦសានផងដែរ ដែលមានផ្ទៃដីដាំដំឡូងមីសរុបចំនួន១សែន២ម៉ឺនរ៉ៃ ។ ប៉ុន្តែនៅឆ្នាំ២០២៣ កសិករប្រឈមនឹងបញ្ហាតម្លៃពូជដំឡូងមីឡើងថ្លៃ ដោយសារគ្រោះរាំងស្ងួត និងជំងឺស្លឹក ។ បច្ចុប្បន្ន កសិករបានកាត់បន្ថយបរិមាណដាំដុះមកនៅត្រឹមតែ៨ម៉ឺនរ៉ៃប៉ុណ្ណោះ ។

ចំណែកកសិករដែលបានដាំដុះដំឡូងមីរួចហើយ ពួកគេក៏ព្យាយាមការពារការឆ្លងរាតត្បាតនៃជំងឺស្លឹក ព្រោះធ្វើឱ្យខាតបង់ទិន្នផលផលិត ដោយពួកគេជ្រើសរើសពូជដំឡូងមីល្អៗ និងគ្មានជំងឺ ។ លោក ថាមីន ផុតចាប៉ុ ជាកសិករដាំដំឡូងមីនៅស្រុកសែងសាង ខេត្តនគររាជសីម៉ា និយាយថា ៖ «ខ្ញុំបានជ្រើសរើសតែដើមពូជណាល្អ និងគ្មានជំងឺស្លឹកយកមកដាំ» ។Cassava (manioc) | Diseases and Pests, Description, Uses, Propagation

ចំណែកអ្នកជំនាញផ្នែកកសិកម្មប្រចាំស្រុកសែងសាង បានព្យាយាមចុះត្រួតពិនិត្យនៅតាមតំបន់ជាប្រចាំ និងណែនាំកសិករពីបច្ចេកទេសថែទាំដំឡូងមី ដោយកសិករត្រូវសង្កេតមើលថា ដើមដំឡូងមីមានសភាពល្អ ឬមានជំងឺ ឬមានសត្វល្អិតបំផ្លាញដែរឬទេ ។ លោក ប្រាសុង តឺមក្រាថូក អ្នកជំនាញផ្នែកកសិកម្ម លើកឡើងថា ៖ «បើឃើញដើមវាមានជំងឺ យើងត្រូវដកចោល បន្ទាប់មក ច្រកដើមស្អុយនេះដាក់ក្នុងថង់ខ្មៅ និងចងមាត់ថង់យកមកហាលថ្ងៃឱ្យស្ងួតដើម្បីកម្ចាត់ជំងឺ និងកុំឱ្យវាឆ្លងរាលដាលទៅដើមផ្សេងទៀត ។ ចំណែកការជ្រើសរើសដើមពូជវិញ គឺត្រូវយកដើមណាគ្មានជំងឺស្លឹក» ។Kalasin Agriculture has surveyed the cassava spotted leaf disease outbreak  in 5 districts, about 2,000 rai.

នាយកដ្ឋានលើកកម្ពស់កសិកម្មបង្ហាញថា មានខេត្តចំនួន១០ នៅប្រទេសថៃ ដែលមានបញ្ហាជំងឺស្លឹកដំឡូងមីនៅលើផ្ទៃដីចំនួន៦ម៉ឺន១ពាន់រ៉ៃ ។ បើតាមទិន្នន័យការស្ទង់មតិ និងតាមដានការដាំដុះដំឡូងមី ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ របស់សមាគមចំនួន៤ គឺ ៖ សមាគមជួញដូរដំឡូងមីថៃ, សមាគមរោងចក្រផលិតផលដំឡូងមីថៃ, សមាគមចែករំលែកដំឡូងមីថៃ និងសមាគមរោងចក្រផលិតដំឡូងមីភាគឦសាន បានរំពឹងថា នឹងមានជំងឺរាតត្បាតខ្លាំងជាងនេះទៀត ។ សមាគមលើកឡើងថា ទិន្នផលផលិតដំឡូងមីក្នុងរដូវកាលថ្មីនេះ នឹងមានត្រឹមតែ២០លានតោនប៉ុណ្ណោះ ខណៈកសិករថៃធ្លាប់ដាំបានបរិមាណជាង៣០លានតោន ។ លើសពីនេះ វានឹងប៉ះពាល់ដល់ឧស្សាហកម្មផលិតម្សៅពីដំឡូងមីផងដែរ ខណៈការនាំចេញនៅឆ្នាំ២០២២ មានតម្លៃស្មើនឹង១សែន៧ម៉ឺនលានបាត ។Kalasin Agriculture has surveyed the cassava spotted leaf disease outbreak  in 5 districts, about 2,000 rai.

សមាគមទាំង៤ បានអំពាវនាវឱ្យនាយកដ្ឋានលើកកម្ពស់កសិកម្មដោះស្រាយបញ្ហាជំងឺស្លឹកដំឡូងមី និងត្រួតពិនិត្យការឆ្លងរាតត្បាតនៅឆ្នាំ២០២៣ ដើម្បីដោះស្រាយបញ្ហាឱ្យកសិករ មុនពេលវាប៉ះពាល់ដល់ផ្នែកឧស្សាហកម្ម និងការនាំចេញ ។ កសិករប្រមាណ៧សែនគ្រួសារដែលប្រកបមុខរបរដាំដំឡូងមីសង្ឃឹមថា ពួកគេនឹងអាចលក់ដំឡូងក្នុងអំឡុងពេលវាមានតម្លៃខ្ពស់ ៕ ប្រភព ៖ Thai PBS