ក្នុងរយៈពេល៦ខែចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៣អង្គភាពស៊ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់បានសរុបចំនួនជាង១៥១គីឡូម៉ែត្រក្រឡា ស្មើនឹង១១៣,២៨% ធៀបនឹងផែនការឆមាសទី១ឆ្នាំ២០២៣ ដែលមានផ្ទៃដីចំនួនជាង១៣៤គីឡូម៉ែត្រក្រឡា។ ក្នុងកិច្ចប្រតិបត្តិការនេះបានរកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣៦.៣១៥គ្រាប់។ នេះបើយោងតាមផេក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC ថ្ងៃទី១៥ សីហា។
តាមប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះផងដែរ អង្គភាពស៊ីម៉ាក់បានផ្តល់ការអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដល់ក្រុមគោលដៅតាមបណ្តាខេត្តបានចំនួន១១.៦៤៨លើក ស្មើនឹង៥៧១.៨១០ ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុប៨៩២.១២៩នាក់ ស្មើនឹង៥៥,៧៧% នៃផែនការឆ្នាំ២០២៣។
រយៈពេល៦ខែមកនេះ គម្រោងមួយចំនួនរបស់អង្គភាពស៊ីម៉ាក់មានការពន្យារពេលនិងយឺតយ៉ាវក្នុងការចាប់ផ្តើមអនុវត្តន៍ក្តី កិច្ចប្រតិបត្តិការគ្រប់មុខព្រួញរបស់អង្គភាពស៊ីម៉ាក់បានប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលល្អប្រសើរតាមផែនការដែលបានដាក់ចេញ។
គួរបញ្ជាក់ផងដែរថា កម្ពុជាបានដាក់ផែនការថានឹងអាចសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីននៅឆ្នាំ២០២៥”៕










