ប្រទេសម៉ាឡេស៊ី ៖ ស្ត្រីចំណាស់ម្នាក់រស់នៅប្រទេសម៉ាឡេស៊ីបានភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញប្រាក់ចំនួន៣ម៉ឺនរីងហ្គីត ដែលគាត់បានសន្សំទុកក្នុងឡាំងក្រដាសមួយសម្រាប់ធ្វើបុណ្យនៅក្រៅប្រទេស បានខូចខាតអស់នៅសល់តែកម្ទេចកម្ទី ដោយសារសត្វកណ្តៀរបានចូលស៊ីប្រាក់ទាំងនេះ ។ គាត់លើកឡើងថា គាត់សោកស្តាយខ្លាំងណាស់ដែលបានសន្សំប្រាក់ក្នុងឡាំងក្រដាស ហើយគាត់ពុំអាចបន្ទោសអ្នកណាបានទេ ។

លោក Khairul Azar រស់នៅក្នុងរដ្ឋកាឡាន់តាន់ និងជាចៅប្រុសរបស់ស្ត្រីចំណាស់ខាងលើ បានបង្ហោះក្នុងហ្វេសប៊ុកអំពីរូបភាពក្រដាសប្រាក់ដាក់ក្នុងឡាំងក្រដាសមួយ ហើយបានក្លាយជាកម្ទេចក្រដាស ដោយសារសត្វកណ្តៀរស៊ីបំផ្លាញ ។ ក្រោយមក គាត់បានព្យាយាមប្រមូលប្រាក់ជាងពាក់កណ្តាលដែលមានសភាពល្អខ្លះៗ ដើម្បីទុកប្តូរយកប្រាក់ថ្មីជាមួយធនាគារកណ្តាលម៉ាឡេស៊ី ហើយគាត់សង្ឃឹមថា នឹងទទួលបានប្រាក់ថ្មីជំនួសវិញ ។

លោក Khairul Azar បានសរសេរនៅក្នុងហ្វេសប៊ុកថា ៖ «នៅឆ្នាំ២០២៤ លោកយាយរបស់ខ្ញុំមានផែនការទៅធ្វើបុណ្យនៅក្រៅប្រទេស ហើយលោកយាយអាចត្រូវបានគេកំណត់មិនឱ្យគាត់ទៅធ្វើបុណ្យនៅក្រៅប្រទេសទេ ។ ដូច្នេះ បញ្ហានេះធ្វើឱ្យយើងទទួលបានបទពិសោធន៍ថា កុំសន្សំប្រាក់នៅក្នុងផ្ទះឱ្យសោះ» ។

បន្ទាប់ពីមានការបង្ហោះរូបក្រដាសប្រាក់ក្នុងបណ្តាញសង្គម ក៏មានអ្នកចូលមកបញ្ចេញមតិប្រមាណ២៦០នាក់ និងត្រូវបានគេចែកចាយបន្តគ្នារហូតដល់ជាង៦៥០លើក ។ មនុស្សមួយចំនួនបានសម្តែងការអាណិតអាសូរលោកយាយ ខណៈមនុស្សខ្លះទៀតនិយាយថា បញ្ហានេះមិនពាក់ព័ន្ធនឹងការសន្សំប្រាក់នៅផ្ទះទេ ប៉ុន្តែវាអាស្រ័យលើវិធីទុកដាក់ប្រាក់ច្រើនជាង ហើយពួកគេនិយាយថា វិធីល្អជាងនេះ គឺត្រូវសន្សំប្រាក់ក្នុងកំប៉ុងសន្សំប្រាក់ ។ ចំណែកមនុស្សមួយចំនួនទៀតណែនាំថា ត្រូវយកប្រាក់ទៅប្តូរជាមាសវិញ ពីព្រោះការផ្ញើប្រាក់នៅធនាគារ ក៏មានហានិភ័យ និងត្រូវគេបោកប្រាស់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaDaH81imP_uNHzcIAms6SZuyVqnz4wWPwFYHx2NbNmmeIHyxHwK9V5W6wu-EP6E3L0GpNB3cQnP-SKeSb1goB3aE1J-coRT0kY4Xj-CwuwyY2cv1ho3j6o2eVWsfHbwrBdbV9WACv9cbYyMc-nWUggosskhDIOJn2bGrP_8Ns6YyyAJqDbvx-Iuxifhc/s1057/photo_2023-07-31_09-36-27.jpg ប្រភព ៖ sanook