គ្រោះថ្នាក់ចរាចរណ៍គឺជាឃា.តករលាក់មុខហើយបានសម្លា.ប់មនុស្សជារៀងរាល់ថ្ងៃដែលទាមទារឱ្យអ្នកបើកបរប្រុងប្រយ័ត្នខ្ពស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជៀសវាងគ្រោះថ្នាក់ខូចខាតសម្ភារៈ បាត់បង់ប្រាក់កាក់ និងអាយុជីវិតខ្លួនឯងនិងអ្នកដទៃ។

មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរារណ៍មានច្រើនករណីដូចជា បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ បញ្ហាផ្លូវ អាកាសធាតុ មិនគោរពច្បាប់ បើកបរក្នុងស្ថានភាពស្រវឹងជាដើម។ នៅពេលមានគ្រោះថ្នាក់ មួយក្នុងចំណោមករណីជាច្រើនគេសង្កេតឃើញថាមានអ្នកបើកបរខ្លះបានព្យាយាមដោះស្លាកលេខយានយន្តទុកហើយរឿងនេះបានកើតឡើងជារឿយៗ។

ជុំវិញការដោះស្លាកលេខយានយន្តទុកពេលមានគ្រោះថ្នាក់ចរាចរណ៍នេះក៏មានមតិពីប្រជាពលរដ្ឋ បង្ហាញពីការងឿងឆ្ងល់ថាជនដែលបានប្រព្រឹត្តទង្វើបែបនេះអាចមានទោសដែរឬទេ?
តាមអនុក្រឹត្យលេខ៧៣ ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ អនុក្រឹត្យនេះមានគោលបំណងកំណត់បទប្បញ្ញត្តិពាក់ព័ន្ធនឹងការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ដើម្បីធានាឱ្យបានរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក លោក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ធ្លាប់បានបញ្ជាក់ថាច្បាប់ចរាចរណ៍ផ្លូវគោក មានចែងពីការដាក់ទោសទណ្ឌ និងការពិន័យករណីភាគីណាមួយ ព្យាយាមកែប្រែស្ថានភាពដើមទីតាំងកន្លែងកើតហេតុ ដូចករណីដោះស្លាកលេខចេញនេះជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយដែលបានសម្រង់សម្តីរបស់លោក ថី វិសាល។

ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ ហើយម្ចាស់រថយន្តដោះស្លាកលេខចេញ អាចរងការចោទប្រកាន់មានទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ អំពើលុបបំបាត់ ផ្លាស់ប្ដូរទីកន្លែង ឬយកវត្ថុណាមួយក៏ដោយនៅទីកន្លែងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមធ្វើជាឧបសគ្គស្វែងរកការពិត អាចជាប់ទោសពី ១ឆ្នាំទៅ ៣ឆ្នាំ ហើយរងការពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។

លោកបញ្ជាក់ថា ការដោះស្លាកលេខចេញជាប់បណ្ដឹងអាជ្ញា ពាក់ព័ន្ធដល់ការធ្វើជាឧបសគ្គដល់ការស្វែងរកការពិត ឬអត្តសញ្ញាណយានយន្ត ដែលធ្វើឱ្យប៉ះពាល់ដល់ការស៊ើបអង្កេតរបស់មន្ត្រីយុត្តិធម៌៕