ប្រទេសថៃ ៖ អ្នកនាង Paethongthan Shinawatra បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បាននិយាយពាក់ព័ន្ធនឹងការត្រៀមធ្វើដំណើរត្រឡប់មកប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ថា គឺជាការសម្រេចចិត្តផ្ទាល់ខ្លួន ហើយវាជារឿងក្នុងគ្រួសារ មិនពាក់ព័ន្ធនឹងនយោបាយទេ ។ អ្នកនាងបន្តថា អស់រយៈពេល១៧ឆ្នាំហើយ ដែលឪពុករបស់នាងបានចាកចេញពីប្រទេសថៃ ។/cloudfront-us-east-2.images.arcpublishing.com/reuters/FQEGLLBTP5MYJLO6QA57H73XWE.jpg)
អ្នកនាង Paethongthan លើកឡើងថា នាងមានអារម្មណ៍រំភើបនៅពេលបានបង្ហោះក្នុងហ្វេសប៊ុក អំពីពេលវេលាកំណត់របស់លោក Thaksin នឹងធ្វើដំណើរត្រឡប់មកប្រទេសថៃ ។ ចំណែកហេតុផលថា ហេតុអ្វីបានជាលោកជ្រើសយកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ការពិត លោកចង់ត្រឡប់មកប្រទេសថៃមុនថ្ងៃនេះ ប៉ុន្តែវាស្របគ្នានឹងថ្ងៃឈប់សម្រាក ទើបលោកត្រូវជ្រើសរើសថ្ងៃធ្វើដំណើរសមស្រប ។
អ្នកនាង Paethongthan បង្ហើបថា ឪពុករបស់នាងជាអ្នកវាយតម្លៃស្ថានការណ៍ផ្សេងៗដោយខ្លួនឯង ជាពិសេស ស្ថានការណ៍នយោបាយស្រុកទេស ហើយហេតុការណ៍ផ្សេងៗមិនទាន់បញ្ចប់ ។ ហេតុនេះ លោក Thaksin ត្រូវរង់ចាំឱ្យស្ថានការណ៍នយោបាយស្ងប់សិន ចំណែកការទៅទទួលលោក Thaksin នោះ អ្នកនាង Paethongthan មិនជ្រាបទេ ដោយសារឪពុកនាង ជាអ្នកចាត់ចែងខ្លួនឯង ហើយនាងមានតួនាទីត្រឹមតែជម្រាបទៅបងប្អូនពលរដ្ឋថៃ និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ។
អ្នកនាង Paethongthan បញ្ជាក់ថា ការសម្រេចចិត្តធ្វើដំណើរត្រឡប់មកប្រទេសថៃរបស់លោក Thaksin នោះ គឺជារឿងក្នុងគ្រួសារ ហើយមិនមែនជារឿងនយោបាយទេ ។ អ្នកនាងថា ៖ «លោកឪពុកធ្លាប់បានបង្ហោះសាររួចហើយតាំងពីឆ្នាំ២០២២ ថា លោកនឹងត្រឡប់មកប្រទេសថៃវិញ ។ ដូច្នេះ វាជារឿងគ្រួសារ ហើយមិនពាក់ព័ន្ធនឹងនយោបាយទេ ព្រោះលោកបានចាកចេញពីប្រទេសថៃ អស់រយៈពេល១៧ឆ្នាំហើយ» ។
ចុងក្រោយ អ្នកនាង Paethongthan ក៏បានថ្លែងអំណរគុណដល់ពលរដ្ឋថៃទាំងអស់ដែលបារម្ភ និងស្វាគមន៍ការធ្វើដំណើរត្រឡប់មកប្រទេសថៃរបស់លោក Thaksin ហើយអ្នកនាងជឿថា បើឪពុករបស់នាងបានជ្រាបថា ពលរដ្ឋថៃទទួលស្វាគមន៍លោកត្រឡប់មកផ្ទះវិញនោះ លោក Thaksin មុខជាសប្បាយចិត្តខ្លាំង ។ អ្នកនាងមានអារម្មណ៍សប្បាយចិត្តជំនួសឪពុកនាង ប៉ុន្តែនាងក៏បារម្ភពីសុវត្ថិភាពដូចគ្នាដែរ ៕
ប្រភព ៖ pheuthai party










