ប្រទេសថៃ ៖ គណបក្សកាវក្លៃបានធ្វើសន្និសីទសារព័ត៌មានមួយ ប្រកាសតែងតាំងបេក្ខជនរបស់គណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រី និងដឹកនាំបង្កើតរដ្ឋាភិបាល ដោយបញ្ចប់ការបន្តអំណាចពីរដ្ឋាភិបាលចាស់ ។ គណបក្សកាវក្លៃលើកឡើងថា លោក Pita Limjaroenrat នៅតែផ្តល់កម្លាំងចិត្ត ប៉ុន្តែលោកមិនអាចទទួលយករឿងការរំលាយគណបក្សកាវក្លៃទេ ។
នៅថ្ងៃទី២១ ខែកក្កដា លោក Chaitawat Tulathon អគ្គលេខាធិការគណបក្សកាវក្លៃ បានធ្វើសន្និសីទសារព័ត៌មានពីការវិវឌ្ឍការចរចាបង្កើតរដ្ឋាភិបាល ។ លោកលើកឡើងថា ការបោះឆ្នោតនៅទូទាំងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺជាការប្រកាសអំពីបំណងប្រាថ្នាយ៉ាងច្បាស់លាស់របស់ពលរដ្ឋថា ពួកគេត្រូវការផ្លាស់ប្តូររដ្ឋាភិបាល ដោយការបោះឆ្នោតជ្រើសរើសគណបក្សកាវក្លៃ និងគណបក្សភឿថៃ រហូតទទួលបានជ័យជម្នះក្នុងលំដាប់ទី១ និងទី២ ។
ដូច្នេះ គោលដៅធំបំផុតរបស់គណបក្សកាវក្លៃ ក្នុងឋានៈជាគណបក្សទទួលបានសំឡេងឆ្នោតច្រើនលំដាប់ទី១ គឺការបង្កើតរដ្ឋាភិបាលថ្មីឱ្យសម្រេច ដើម្បីបញ្ឈប់ការបន្តអំណាចពីរដ្ឋាភិបាលចាស់ ។ ប៉ុន្តែក្នុងរយៈពេល២ខែកន្លងមក ស្ថានការណ៍គ្រប់យ៉ាងបង្ហាញយ៉ាងច្បាស់ថា គ្រប់ភាគីទាំងអស់សុទ្ធតែជាបក្ខពួកតែមួយ ។
អ្នកទាំងអស់នេះមិនព្រមឱ្យគណបក្សកាវក្លៃដឹកនាំបង្កើតរដ្ឋាភិបាលទេ ហើយពួកគេលើកយករឿងការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ មកបាំងមុខ ហើយអះអាងពីការស្មោះស្ម័គ្រភក្តីចំពោះព្រះមហាក្សត្រថៃ មកតតាំងជាមួយសំឡេងឆ្នោតរបស់ពលរដ្ឋ ។ ក្រៅពីនេះ ពួកគេប្រើប្រាស់គណៈកម្មការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ ដើម្បីកាត់ផ្តាច់សិទ្ធិនយោបាយរបស់គណបក្សមានសំឡេងនាំមុខ ព្រមទាំងរំលាយគណបក្សកាវក្លៃឱ្យបាន ។
ហេតុនេះ យើងមើលឃើញថា សមាជិកព្រឹទ្ធសភាបានរំលោភលើមតិសាធារណជន ដោយពួកគេមិនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី តាមសំឡេងភាគច្រើនរបស់សភាតំណាងរាស្ត្រ ដើម្បីរារាំងមិនឱ្យដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតលើកទី២ ។ គណបក្សកាវក្លៃមិនទទួលយកការបកស្រាយនេះទេ យើងសូមទោសបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ហើយព្រមទទួលស្គាល់ត្រង់ទៅត្រង់មកថា ពួកគេមិនព្រមឱ្យគណបក្សកាវក្លៃដឹកនាំបង្កើតរដ្ឋាភិបាលទេ ។
ទោះយ៉ាងណា មូលហេតុដែលលោក Pita Limjaroenrat មិនអាចក្លាយជានាយករដ្ឋមន្ត្រីបាន មិនមែនមានន័យថា ភារកិច្ចបង្កើតរដ្ឋាភិបាលថ្មីដើម្បីបញ្ឈប់អំណាចរបស់រដ្ឋាភិបាលចាស់ នឹងមិនជោគជ័យនោះទេ ។ គោលដៅខ្ពស់បំផុតរបស់យើងក្នុងឋានៈជាគណបក្សលំដាប់ទី១ នៅតែដូចមុន គឺការបង្កើតរដ្ឋាភិបាលថ្មីដើម្បីកាត់ផ្តាច់ការបន្តអំណាចពីរដ្ឋាភិបាលចាស់ឱ្យសម្រេច ។
ចំណុចសំខាន់ក្នុងថ្ងៃនេះ (ថ្ងៃទី២១ ខែកក្កដា) គឺមិនមែនលោក Pita Limjaroenrat បានធ្វើជានាយករដ្ឋមន្ត្រីឬក៏អត់នោះទេ ប៉ុន្តែគឺរឿងប្រទេសថៃនឹងត្រឡប់មកគោរពប្រជាធិបតេយ្យបានឬមិនបាន ហើយប្រទេសថៃអាចបញ្ឈប់ការបន្តអំណាចពីរដ្ឋាភិបាលចាស់បានឬអត់ ។ គណបក្សកាវក្លៃនឹងបើកឱកាសឱ្យគណបក្សលំដាប់ទី២ គឺគណបក្សភឿថៃ ជាអ្នកដឹកនាំបង្កើតរដ្ឋាភិបាលជាមួយគណបក្សចំនួន៨ ទៀត ដែលធ្លាប់បានធ្វើកិច្ចព្រមព្រៀង MOU ជាមួយគ្នា ។
ដូច្នេះ ក្នុងកិច្ចប្រជុំរដ្ឋសភាលើកក្រោយទៀត គណបក្សកាវក្លៃនឹងស្នើឈ្មោះបេក្ខជនមកពីគណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រី ទី៣០ គឺដូចគ្នានឹងគណបក្សភឿថៃធ្លាប់គាំទ្រគណបក្សកាវក្លៃដែរ ។
ចំណែកប្រធានបទ «មានអ៊ំ (លោក ប្រាយុទ្ធ ចាន់អូចា) គឺគ្មានយើង» គឺជាគោលជំហរច្បាស់លាស់របស់គណបក្សកាវក្លៃ ។ ដូច្នេះ យើងនៅតែប្រកាន់គោលជំហរដូចដើមថា មិនចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សផ្លាំងប្រាឆារ៉ាត់ និងបក្សរួមថៃសាងឆាតិទេ ។ បើទោះជាគ្មានលោក Prawit Wongsuwon នៅក្នុងគណៈរដ្ឋមន្ត្រី តាមពាក្យសន្យាជាមួយពលរដ្ឋក្តី យើងនឹងមិនបាត់បង់ជំនឿរឿងនេះទេ ។ ពួកយើងបានព្យាយាមយ៉ាងល្អបំផុតដើម្បីឱ្យការបង្កើតរដ្ឋាភិបាលធ្វើឡើងតាមមតិសាធារណៈ ឬជំរុញឱ្យមានការបង្កើតរដ្ឋាភិបាល និងបញ្ឈប់អំណាចរបស់រដ្ឋាភិបាលចាស់ឱ្យបាន ៕ ប្រភព ៖ sanook










