ថ្មីៗនេះ App threads ជាផ្នែកមួយរបស់បណ្តាញសង្គម IG ដែលក្លាយជាដៃគូប្រកួតប្រជែងសំខាន់របស់បណ្តាញសង្គម Twitter ពេលនេះមានអ្នកប្រើរាប់លាននាក់ហើយគ្រាន់តែដាក់ឱ្យប្រើប្រាស់ក្នុងមួយប៉ព្រិចភ្នែក។ ស្របតាមសម័យកាលពេញនិយមតារាជាច្រើនរូបរួមទាំងតារានៅក្នុងប្រទេសកម្ពុជាក៏បានប្រើបណ្តាញសង្គមថ្មីស្រឡាងនេះដូចគ្នា។
ជាមួយគ្នានេះដែរ ពិធីការិនី ថន លក្ខិណា ក៏បានប្រើប្រាស់បណ្តាញសង្គមថ្មីរបស់ក្រុមហ៊ុនមេតា ដូចគ្នាព្រមទាំងបង្ហោះរូបបុរស៣នាក់បង្អួតហ្វេនៗតែម្តង ជាពិសេសគឺរូបទី៣ ដែលតារាស្រីនេះបង្ហោះគឺផ្ទុះការងឿងឆ្ងល់តែម្តងពីទំនាក់ទំនងអ្នកទាំងពីរខណៈកន្លងមកគេសង្កេតឃើញថាពួកគេហាក់មានភាពស្និទ្ធស្នាលខ្លាំង។
បុរសដំបូងដែល កញ្ញា ថន លក្ខិណា បានបង្ហោះនោះគឺរូបជាមួយលោក ជា វិបុល ដែលជាដៃគូយល់ចិត្តម្នាក់និងបានក្តោបឱកាសចាប់ដៃគូជាមួយគ្នានៅក្នុងកម្មវិធីល្បី Cambodian Idol រដូវកាលទី៤និង Cambodian Idol Junior រដូវកាលទី២។
ជាបន្តទៀត ថន លក្ខិណា បានបង្ហោះរូបជាមួយ តារាចម្រៀង លីម តិចម៉េង ដែលជាម្ចាស់ពានក្នុងកម្មវិធីដែលនាងបានធ្វើនាពេលកន្លងមកហើយក៏ជាកម្មវិធីដែលធ្វើឱ្យមានការគាំទ្រពីសំណាក់មហាជនបន្ថែមទៀតទៅលើអាជីពរបស់នាងក្នុងនាមជាពិធីការិនី ទន្ទឹមនឹងទទួលបានឱកាសធំពីស្ថានីយ៍ទូរទស្សន៍ហង្សមាស បន្ទាប់ពីពិធីការិនី ចាន់ កែវនិមល ដែលមិនអាចចាប់ដៃគូជាមួយលោក ជា វិបុល បាន។
មិនត្រឹមតែបុរសពីររូបខាងលើដែលជាដៃគូយល់ចិត្ត និងជាសិស្សប្អូនជំនាន់ក្រោយក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ តែបុរសទី៣ ក៏ធ្វើឱ្យមហាជនចាប់អារម្មណ៍ដូចគ្នាព្រោះគឺជាវត្តមានរបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលត្រូវអ្នកគាំទ្របានដាក់រហ្ស័សនាមឱ្យថា Top 5។
ទំនាក់ទំនង ពិធីការិនី ថន លក្ខិណា និង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ឬTop5 មានភាពសិ្នទ្ធស្នាលគ្នាជាបន្តបន្ទាប់ក្រោយពីបញ្ចប់នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលក្នុងថ្ងៃផ្តាច់ព្រ័ត្រអ្នកឧកញ៉ា មានវត្តមានក្នុងកម្មវិធីហើយក៏ជាពេលវេលាដែលហ្វេនៗចាប់ផ្តើមដាក់រហ័ស្សនាមឱ្យTop5ដូចគ្នា។
ជាមួយកម្មវិធីផ្សេងទៀតដែលក្រុមហ៊ុន Top5 បានឧបត្ថម្ភជារឿយៗក៏មានវត្តមានរបស់ពិធីការិនី ថន លក្ខិណា ផងដែរ សូម្បីក្នុងការប្រកួតបាល់ទាត់នាពេលកន្លងមក ថន លក្ខិណា បានថតរូបជាមួយ Top5 បង្ហោះបង្អួតហ្វេនៗផងដែរ។.jpg)
ការបង្ហាញភាពសិ្នទ្ធស្នាលជាហូរហែនេះ អ្នកខ្លះក៏លើកឡើងថាអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអ្នកមានមុខមាត់ក្នុងសង្គមដែលដាក់ខ្លួន មានភាពរុសរាយដាក់មនុស្សជុំវិញខ្លួន អ្នកគាំទ្រទូទៅសុំលោកថតជាមួយក៏លោកយល់ព្រមថតដែរដោយមិនប្រកាន់ខ្លួនជាម្ចាស់ក្រុមហ៊ុនធំនោះទេ។ ខណៈអ្នកខ្លះទៀតក៏ផ្តើមក្តីសង្ស័យចំពោះទំនាក់ទំនងនេះដូចគ្នាដោយសារតែឃើញថាមានភាពសិ្នទ្ធស្នាលគ្នាខ្លាំង៕










