សម្តេចក្រឡាហោម ស ខេង ព្រមានចាត់វិធានការលើគ្រឹះស្ថានហិរញ្ញវត្ថុណាដែលនៅតែបន្តយកអត្តសញ្ញាណបណ្ណ សម្រាប់ ដាក់បញ្ចាំធានា ដោយសម្តេចស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ យកអត្តសញ្ញាណបណ្ណមកប្រគល់ជូនប្រជាពលរដ្ឋ ជាម្ចាស់ដើមវិញ។
មួយរយៈចុងក្រោយនេះ សម្តេចក្រឡាហោម ស ខេង បានពិនិត្យឃើញថា៖”មានប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករ កម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា”។
សម្ដេចក្រឡាហោម ក៏បានណែនាំអភិបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ និងបង្កើត ក្រុមការងារមួយ ដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ដែលមានប្រជាពលរដ្ឋ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំ សម្រាប់ធានា លើការផ្តល់ឥណទាន ឬកម្ចី និងដកយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ ដើមមកវិញ ហើយថតចម្លងអត្តសញ្ញាណប័ណ្ណ ទាំងនោះ និងធ្វើការបញ្ជាក់ លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារថតចម្លងនោះ ជូនទៅសាមីគ្រឹះស្ថាន ហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំទាំងនោះវិញ៕










