បរទេស៖ ក្រុមហ៊ុន Meta បានបញ្ចេញកម្មវិធីថ្មីមួយរបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដា ដែលមានឈ្មោះថា Treads ដើម្បីប្រកួតប្រជែងជាមួយកម្មវិធី Twitter របស់ Elon Musk ។
Treads គឺជាកម្មវិធីថ្មីមួយដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកម្មវិធី Twitter របស់ Elon Musk និងកម្មវិធី Instagram ដោយកម្មវិធីនេះចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ Treads គឺពិតជាងាយស្រួលប្រើប្រាស់ណាស់ដោយគ្រាន់តែអ្នកមានគណនី Instagram នោះអ្នកនឹងអាចប្រើប្រាស់កម្មវិធី Treads បានហើយ។ មិនតែប៉ុណ្ណោះ Threads គឺអាចបង្ហោះបានរហូតដល់ ៥០០ តួអក្សរក្នុងពេលតែមួយ និងចែករំលែកតំណភ្ជាប់ រូបភាព និងវីដេអូ ក៏ដូចជាសមត្ថភាពក្នុងការបង្ហោះវីដេអូដែលមានរយៈពេលរហូតដល់ ៥ នាទីបានផងដែរ។
លោក Jack Dorsey ដែលជាសហស្ថាបនិកនៃ Twitter បានរិះគន់ចំៗជាសាធារណៈចំពោះកម្មវិធី Threads របស់លោក Mark Zuckerberg ថាបានលួចចម្លងទាំងស្រុងពីកម្មវិធី Twitter។ អ្នកប្រើប្រាស់ Twitter មួយចំនួនក៏បានចង្អុលបង្ហាញថា គោលការណ៍ឯកជនភាពរបស់ Threads និង Twitter គឺស្រដៀងគ្នាណាស់ លើកលែងតែ Twitter មិនស្នើសុំព័ត៌មានហិរញ្ញវត្ថុ និងសុខភាព ដូចទៅនឹង Threads។
ទោះជាយ៉ាងណាក៏ដោយ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ថ្មីៗនេះបានជួបប្រទះរឿងអាស្រូវទាក់ទងនឹងឯកជនភាពជាច្រើន ហើយត្រូវបានពិន័យជាទឹកប្រាក់ចំនួន ១.៣ ពាន់លានដុល្លារ។ ដូច្នេះយោងទៅតាម Business Insider បានឱ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធីថ្មី Threads របស់ Meta គឺដើម្បីធ្វើជាដៃគូប្រកួតប្រជែងរបស់ Twitter និងជំនួសឱ្យ Facebook ដែលនេះជួយឱ្យ Threads នៅតែទាញយកអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់ ២ ពាន់លាននាក់របស់ Meta៕ ប្រភព៖vnespress










