ប្រទេសថៃ ៖ សារព័ត៌មានក្រៅប្រទេសបានចុះផ្សាយពីសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូណេស៊ីថា នៅឆ្នាំ២០២៤ ក្រុមហ៊ុន ISUZU មានគម្រោងផ្លាស់ប្តូរទីតាំងផលិតរថយន្តចេញពីប្រទេសថៃទៅកាន់ឥណ្ឌូណេស៊ី ប៉ុន្តែក្រុមហ៊ុន ISUZU បានបដិសេធព័ត៌មាននេះ ហើយបញ្ជាក់ថា ក្រុមហ៊ុនគ្មានគម្រោងផ្លាស់ប្តូរការវិនិយោគចេញពីប្រទេសថៃទេ ។
ក្រោយការផ្សាយព័ត៌មាននេះ លោក Narit Terdsathirasak អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគលើកឡើងថា លោកបានសួរទៅកាន់នាយកគ្រប់គ្រងក្រុមហ៊ុន Isuzu Motors ប្រចាំប្រទេសថៃ ហើយក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុនបានជជែកជាមួយនាយករបស់ក្រុមហ៊ុនធំនៅប្រទេសជប៉ុនរួចហើយ ។ ក្រុមហ៊ុនធំនៅជប៉ុនថា ក្រុមហ៊ុនមិនបានបញ្ចេញព័ត៌មាននេះទេ ហើយក៏គ្មានគម្រោងផ្លាស់ប្តូរការវិនិយោគចេញពីថៃដែរ ។
កន្លងមក ក្រុមហ៊ុន Isuzu Motors ប្រចាំប្រទេសថៃបានទទួលផលប្រយោជន៍លើការជំរុញវិនិយោគពីរដ្ឋាភិបាលក្នុងគម្រោងជាច្រើន ជាពិសេស ផលប្រយោជន៍ការវិនិយោគលើការផលិតរថយន្តដឹកទំនិញ និងរថយន្ត១បាំងកន្លះ ។ ក្រុមហ៊ុន Tri Petch Isuzu Sales Co., Ltd លើកឡើងថា ព័ត៌មានការផ្លាស់ប្តូរទីតាំងផលិតរថយន្ត មិនមែនជាការពិតទេ ហើយក៏គ្មានការប្រកាសជាផ្លូវការពីក្រុមហ៊ុន Isuzu Motors ដែរ បើទោះជាប្រទេសឥណ្ឌូណេស៊ី គឺជាទីផ្សារសំខាន់មួយរបស់ក្រុមហ៊ុន Isuzu ក្តី ប៉ុន្តែក្រុមហ៊ុនគ្មានគម្រោងប្តូរទីតាំងផលិតរថយន្តចេញពីថៃទៅកាន់ឥណ្ឌូណេស៊ីទេ ។
អគ្គលេខាធិការគណៈកម្មការគោលនយោបាយតំបន់ពិសេសភាគខាងកើត (EEC) ឱ្យដឹងថា មិនទាន់ឃើញសញ្ញាការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់វិនិយោគិននៅឡើយទេ ។ កន្លងមក មានវិនិយោគិនចិន ជប៉ុន និងឥណ្ឌា បានចរចាពីការវិនិយោគនៅប្រទេសថៃ ជាពិសេស ឧស្សាហកម្មវេជ្ជសាស្ត្រ និងឱសថ ។ នេះចង្អុលបង្ហាញថា វិនិយោគិនចាប់អារម្មណ៍វិនិយោគលើឧស្សាហកម្មគោលដៅ ។
EEC នឹងចរចាជាមួយវិនិយោគិនបារាំង ដែលចាប់អារម្មណ៍វិនិយោគក្នុងឧស្សាហកម្មអាកាសយានដ្ឋាន នៅខែមិថុនា ឆ្នាំ២០២៣ ។ រីឯការផ្លាស់ប្តូររដ្ឋាភិបាលរបស់ថៃអាចជះឥទ្ធិពលដល់ការវិនិយោគខ្លះៗ ដូចជា មិនទាន់បានកំណត់ថ្លៃឈ្នួល និងលើកទឹកចិត្តក្នុងតំបន់វិនិយោគឌីជីថលនៅស្រុកស្រ៊ីរ៉ាឆា ព្រោះតម្លៃដីកើនឡើង និងជាការពិចារណារបស់រដ្ឋាភិបាលថ្មី ៕ ប្រភព ៖ Mono News










