ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ បានប្រតិកម្មទាំងយប់ចំពោះរូបភាពរបស់ អ្នកច្នៃម៉ូ ឯម រៀម ដែលបានលេងខ្លួនននោលគោក បិទបាំងបន្តិចនៅតំបន់កេរ្តិ៍ខ្មាសបង្ហោះនៅលើបណ្តាញសង្គម។ ក្នុងនោះក៏តម្រូវឱ្យអ្នកច្នៃម៉ូដរូបនេះលុបរូបភាពនោះជាបន្ទាន់ព្រោះរូបភាពមានលក្ខណៈអាសដែលនាំឱ្យប៉ះពាល់វប្បធម៌ខ្មែរមិនដូច្នេះទេនឹងប្រឈមតាមផ្លូវច្បាប់ជាដាច់ខាន។ ខណៈក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈស្នើឱ្យលោក ឯម រៀម បញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរវិញ។
យោងតាមការប្រកាសផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅយប់ថ្ងៃទី៨ ខែមិថុនា បានរៀបរាប់ទាំងស្រុងថា «សូមជូនជម្រាបមក លោក ឯម រៀម ម្ចាស់ផេក EM Riem ជ្រាបថា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។ ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំ អប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ តម្រូវអោយលោក ឯម រៀម លុបរូបភាពនោះជាបន្ទាន់ចេញពីគ្រប់បណ្តាញផ្សព្វផ្សាយសង្គម»។
ប្រភពដដែលបានឱ្យដឹងទៀតថា «ប្រសិនបើលោកមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈនឹងចាត់វិធានទៅតាមផ្លូវច្បាប់ដែលមានជាធរមាន។ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ សង្ឃឹមនឹងជឿជាក់ថា លោកពិតជាអនុវត្តតាម សេចក្តីជូនដំណឹងនេះ ដោយបញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលលោកមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរដែលមានអរិយ្យធម៌ខ្ពង់ខ្ពស់ជាក់ជាពុំខាន»។
បន្ទាប់ពីមានការប្រតិកម្មពីក្រុមប្រឹក្សាវិន័យ ទាំងខ្លួនធ្លាប់បានអប់រំម្តងព្រោះតែរឿងស្លៀកពាក់ស៊ិចស៊ីជ្រុល នៅលើបណ្តាញសង្គមលោក ឯម រៀម វិញក៏បានបង្ហោះដែរថា លោកបានលុបរូបភាពដែលបានបង្ហោះលើ Story ហើយព្រមទាំងសូមទោសចំពោះកំហុសឆ្គង។
អ្នកច្នៃម៉ូដដែលបានបញ្ចាប់ការសិក្សាថ្នាក់បណ្ឌិតពីប្រទេសបារាំងរូបនេះ បានបញ្ជាក់ទៀតថា រូបភាពនោះលោកគ្រាន់តែ Edit តាម App ចង់ចែករំលែកពី រូបភាព before និង after ដែលមានអ្នកចង់បានរាងរបស់លោកទៅជាមានសាច់ដុំធំៗ ដោយមិនមានចេតនាអ្វីទេ…ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់កម្ពុជាទេ។
គួរបញ្ជាក់ផងដែរថា នេះមិនជាលើកទី១ទេដែលអ្នកច្នៃម៉ូដរូបនេះបានបង្ហោះរូបភាពដែលមានលក្ខណៈស៊ិចស៊ីជ្រុល កន្លងមកជារឿយៗលោកបានបង្ហោះរូបភាពបែបនេះដែលអ្នកលេងបណ្តាញសង្គមជាច្រើនបានប្រតិកម្មចំពោះទង្វើរបស់លោក ឯម រៀម ៕











