ប្រទេសថៃ ៖ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានចាប់ខ្លួនអាជីវករវៀតណាមលក់ទុរេនម្នាក់នៅខេត្តណុនថៈបុរី ទៅឱ្យប៉ូលិសចាត់វិធានការតាមផ្លូវច្បាប់ ខណៈអាជីវកររូបនេះបានលក់ទុរេនឱ្យអតិថិជនដោយបន្លំភ្នែកជញ្ជីង គឺបានលួចបន្ថែមទម្ងន់ទុរេនកន្លះគីឡូ ហើយឱ្យអ្នកទិញបង់ប្រាក់ឱ្យខ្លួនបន្ថែមទៀតចំនួន៧៥បាត ។
មន្ត្រីប៉ូលិសនិយាយថា កាលពីឆ្នាំ២០២២ ប៉ូលិសបានចាប់ខ្លួនជនបរទេសចំនួន៧នាក់ពីបទកែច្នៃជញ្ជីងថ្លឹងឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់បន្ថែមទៀត ។ ប៉ូលិសបានចាត់កងកម្លាំងឱ្យពិនិត្យមើលភាពខុសប្រក្រតីនៅតាមផ្សារនានា ព្រមទាំងសុំការសហការពីផ្សារផងដែរឱ្យជួយតាមដានការលក់បន្លំភ្នែកជញ្ជីង ដើម្បីការពារអ្នកទិញកុំឱ្យគេដើរខ្សែលើ ។
លោក Chakra Yodmanee អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងលើកឡើងថា នាយកដ្ឋានបានចាត់មន្ត្រីឱ្យចុះតាមតំបន់ផ្សេងៗដើម្បីពិនិត្យមើលឈ្មួញលក់ទុរេននៅខេត្តណុនថៈបុរី ឃើញថា ឈ្មួញបានកែច្នៃជញ្ជីងថ្លឹង និងយកចេញនូវសញ្ញាសម្គាល់រូបគ្រុឌដែលចេញដោយនាយកដ្ឋាន ។ នាយកដ្ឋានបានចាប់ខ្លួនឈ្មួញវៀតណាមម្នាក់ទៅឱ្យប៉ូលិស ដោយសារគេបានកែច្នៃជញ្ជីងថ្លឹងទំនិញឱ្យធ្ងន់ជាងទម្ងន់ពិត ។
លោក Chakra Yodmanee បន្តថា ករណីនេះជាការដើរខ្សែលើអ្នកទិញ នាយកដ្ឋានមិនអាចទទួលយកបានទេ ព្រោះបច្ចុប្បន្ន មានផ្លែឈើច្រើនបានលក់នៅលើទីផ្សារ ហើយអ្នកទិញនិយមទិញទៅទទួលទាន ជាពិសេស ទុរេន ។ អាជីវករវៀតណាមរូបនេះបានលក់ទុរេនឱ្យអតិថិជន គឺធ្ងន់ជាងទម្ងន់ដើមចំនួនកន្លះគីឡូ ស្មើនឹងប្រាក់៧៥បាត ហើយចំនួនប្រាក់នេះមិនច្រើនទេ ប៉ុន្តែបើអាជីវករធ្វើបែបនេះច្រើនលើករាល់ថ្ងៃនោះ នឹងមានអតិថិជនជាច្រើននាក់ត្រូវគេដើរខ្សែលើ ។
លោកបន្ថែមថា នេះជាករណីដំបូងហើយដែលខាងនាយកដ្ឋានចាប់បានឈ្មួញវៀតណាម ។ កាលពីឆ្នាំ២០២២ នាយកដ្ឋានចាប់បានឈ្មួញខិលខូចចំនួន១៤នាក់ ក្នុងនោះមានជនបរទេស៧នាក់ដែលពួកគេបានកែច្នៃជញ្ជីងថ្លឹង ហើយតុលាការបានកាត់ក្តីឱ្យពួកគេជាប់គុក២ឆ្នាំ ហើយពេលចេញពីគុកវិញនឹងបណ្តេញពួកគេចេញពីប្រទេសថៃ ។
លោកបន្ថែមទៀតថា លោកបានសុំការសហការជាមួយអ្នកគ្រប់គ្រងផ្សារផ្សេងៗឱ្យជួយតាមដាន និងពិនិត្យជញ្ជីងថ្លឹងទាំងអស់ក្នុងផ្សារ ហើយបើរកឃើញថា អ្នកណាម្នាក់បន្លំភ្នែកជញ្ជីង សូមឱ្យខាងផ្សារលុបចោលកិច្ចសន្យាជួល ឬមិនយល់ព្រមឱ្យឈ្មួញនោះលក់ទំនិញក្នុងផ្សារបន្តទៀត ។ លើសពីនេះ សូមឱ្យខាងផ្សារមានជញ្ជីងថ្លឹងទំនិញរួមមួយ ដើម្បីឱ្យពលរដ្ឋអាចយកទំនិញដែលពួកគេទិញទៅថ្លឹងលើជញ្ជីងរួមនេះ សម្រាប់ពិនិត្យទម្ងន់ទំនិញត្រឹមត្រូវ ។
ចំណែកពលរដ្ឋមកទិញទំនិញនៅផ្សារ សូមនាំគ្នាសង្កេតលើជញ្ជីងថ្លឹងត្រូវចាប់ផ្តើមពីលេខសូន្យ ហើយមើលជញ្ជីងនោះថា តើមានស្ទិកគ័រពិនិត្យជញ្ជីងពីនាយកដ្ឋានឬអត់ ដែលនាយកដ្ឋានបានចេញស្ទិកគ័រពិនិត្យជញ្ជីងពណ៌ត្នោតសម្រាប់ឆ្នាំ២០២៣ ។ បើពលរដ្ឋសង្កេតឃើញថា ទំនិញមិនគ្រប់គីឡូ គឺអាចប្តឹងមកខាងនាយកដ្ឋានបាន ៕
ប្រភព ៖ agrinews thai










