កីឡាករ ឈុន ប៊ុនថន បានឈ្នះមេដាយមាសដំបូងបំផុតក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារ រត់ចម្ងាយ ៨០០ម៉ែត្របុរសកាលពីរសៀលថ្ងៃទី១១ ខែឧសភា ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២។ ក្រោយពីទទួលបានមេដាយមាសជូនជាតិ កីឡាកររូបនេះបានស្រក់ទឹកភ្នែកភ្លាមៗពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ដោយសារតែមិនមានវត្តមានអ្នកមានគុណទាំងទ្វេឃើញពីភាពជោគជ័យនេះ ព្រោះលោកទាំងពីរបានលាចាកលោកហើយ។
កាលពីរសៀល១១ ខែឧសភា កីឡាករឆ្នើមកម្ពុជា ឈុន ប៊ុនថន បានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោយពីបានទទួលជោគជ័យពីការប្រកួតវគ្គជម្រុះក្មុងក្រុមលើវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រដោយឈរលើកំពូលតារាងក្នុងចំណោម ៨ប្រទេស។
មុនដំបូង ក្នុងវគ្គផ្តាច់ព្រ័ត្រ កីឡាករ ឈុន ប៊ុនថន ពុំមែនជាអ្នកនាំមុខនោះទេ ប៉ុន្តែក្រោយមកកីឡាកររូបនេះបាននាំមុខកីឡាករប្រទេសផ្សេងទៀតរហូតទទួលបានជ័យជំនះយកបានមេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដោយប្រើថេៈវេលា ១៖៥២៖៩១០នាទី ដែលតាមពីក្រោយដោយកីឡាករវៀតណាម ដែលប្រើថេរៈវេលា ០១៖៥៣៖៣៤០នាទី ដោយទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើកីឡាករម៉ាឡេស៊ី ដែលប្រើថេរៈវេលា ០១៖៥៣៖៨៦០នាទី។
អ្វីដែលកាន់តែធ្វើឱ្យមហាជនរំជួលចិត្ត ក្នុងបទសម្ភាសកីឡាករ ឈុន ប៊ុនថន បានស្រក់ទឹកភ្នែកម៉ាត់ៗដោយអារម្មណ៍រំភើបដែលទទួលបានជ័យជំនះ និងសោកស្តាយភាពជោគជ័យមួយនេះគ្មានអ្នកមានគុណនៅជិតព្រោះឪពុកម្តាយរបស់លោកបានលាចាកលោកហើយ៕










