កញ្ញា ឡូរ៉ា ម៉ម ដែលជានាយកប្រតិបត្តិ (CEO) របស់ផលិតកម្មបារមី បានបង្ហើបអារម្មណ៍រំភើបមានមោទកភាពចំពោះក្រុមការងារសិល្បកររបស់ខ្លួនដែលសាមគ្គីពួតដៃគ្នាជាធ្លុងមួយផលិតតន្ត្រីដើម្បីជាតិ បើទោះបីជាមានភាពមាញឹក មានភាពនឿយហត់លើការងារផ្សេងយ៉ាងណា។
បទចម្រៀងមានចំណងជើងថា «ចងចាំសាវតារ» ពីសិល្បករបារមី ផលិតឡើងជាពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានការគាំទ្រនិងសាទរយ៉ាងខ្លាំងចំពោះសមិទ្ធិផល រួមទាំងអត្ថន័យនៅក្នុងបទចម្រៀងនេះ។
ទន្ទឹមនឹងទទួលបានការគាំទ្រពីមហាជន កញ្ញា ឡូរ៉ា ម៉ម ទើបមានឱកាសបានបង្ហើបអារម្មណ៍ជាលើកដំបូងរបស់ខ្លួននៅលើបណ្តាញសង្គមបន្ទាប់បានទម្លាក់បទថ្មីកាលពីរាត្រីថ្ងៃទី១ ឧសភា មក។
នាយកប្រតិបត្តិរូបនេះ បានរៀបរាប់នៅលើទំព័រហ្វេកប៊ុកថា «ទីបំផុត នាងខ្ញុំមានឱកាសនិយាយអំពីគម្រោងដ៏អស្ចារ្យមួយនេះហើយ។ គ្មានអ្វីដែល ស្រស់បំព្រង និងត្រជាក់ភ្នែកជាងការមើលក្រុមការងាររបស់ខ្លួន ពួតដៃគ្នាសាមគ្គីផលិតតន្ត្រីដើម្បីជាតិយើងនោះទេ។ ទោះបីជាពួកគាត់មានការហត់នឿយខ្លាំងតាំងពីការរសម្ដែងនៅការប្រគំតន្ត្រី Rolling Loud និង បុណ្យចូលឆ្នាំខ្មែរ និងមកដល់ការត្រៀមសម្រាប់ពិធីបើក SEAGAMES នាងខ្ញុំពិតជាមានមោទកភាពចំពោះសមិទ្ធិផលដែលមិនគួរឱ្យជឿដែលពួកគាត់បានធ្វើដើម្បីស្វែងរកភាពច្នៃប្រឌិតចេញពី ជម្រៅក្រអៅបេះដូងរបស់ពួកគាត់និងស្វែងរកសំឡេងនៃមោទនភាពសម្រាប់កម្ពុជា»។
កញ្ញា បានបន្តទៀតថា «គម្រោងនេះគឺផ្ដល់ភាពរីករាយជាអនេកសម្រាប់នាងខ្ញុំ ពីព្រោះការធ្វើការងារលើគម្រោងនេះសបញ្ជាក់ថាយើងកំពុងរស់នៅក្នុងសម័យកាលដ៏អស្ចារ្យមួយ។ សម័យដែលនៅគ្រប់ទីកន្លែងជុំវិញនាងខ្ញុំ នាងខ្ញុំមើលឃើញខ្មែរមួយដែលរួបរួម ដែលសាមគ្គីជួយរើសសំរាមនៅកីឡដ្ឋាន និងពួតដៃគ្នាគាំទ្រក្រុមកីឡារបស់យើងយ៉ាងអធិកអធម។ នាងខ្ញុំសូមអរគុណអ្នកគ្រប់គ្នាដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើគម្រោងមួយនេះ ដោយការប្ដេជ្ញាចិត្ត ស្មារតី ការលះបង់ និង ឆន្ទៈមុតមាំប្រកបដោយភាពច្នៃប្រឌិតរបស់អ្នក គឺជាអ្វីដែលផ្តល់អំណាចដល់ បារមី (Baramey) ឬ អាចនិយាយថាសមិទ្ធិផលនេះគឺបានមកពីបារមីនៃការប្ដេជ្ញារបស់អ្នកគ្រប់គ្នា។ អរគុណអ្នកគាំទ្រទាំងអស់ដែលគាំទ្រពួកយើងកន្លងមក សូមបន្តស្រលាញ់គាំទ្រ បន្តរក្សាគំនិតសុទិដ្ឋិនិយមរបស់អ្នកទាំងអស់គ្នា ហើយនាងខ្ញុំសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងចូលរួមច្រៀងជាមួយពួកយើងនៅកីឡដ្ឋាន និងទូទាំងប្រទេសក្នុងពិធីបើក SEAGAMES នេះ»។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ
ដំណើរឆ្ពោះទៅកាន់ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នឹងចាប់ផ្តើមជាផ្លូវការដែលជាប្រវត្តិសាស្រ្តលើកដំបូងរបស់ប្រទេសកម្ពុជា៕










