ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរសម្រាប់តំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប និងបានរៀបចំចំណត២១កន្លែង ព្រមទាំងទីតាំងចំណតមួយចំនួនទៀតតាមការចង្អុលបង្ហាញរបស់សមត្ថកិច្ចនិងភាពជាក់ស្តែង។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
ក្នុងសេចក្តីប្រកាស បានបញ្ជាក់ថា កំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប នឹងផ្អាកចរាចរជាបណ្ដោះអាសន្នរួមមាន៖
១.កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចស្តុបសម្ដេចសង្ឃរាជទេពវង្ស ដល់ចំណុចហាងលក់ សម្លៀកបំពាក់ហ្សានដូ(Zando) និងកំណាត់ផ្លូវក្នុងតំបន់ផាប់ស្ទើត ផ្សារចាស់ ផ្លូវសុខ សាន្ត ផ្លូវផ្សាររាត្រី ផ្លូវ២ធ្នូ និងផ្លូវខាងជើងជាប់របងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
២.កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីចំណុចស្តុបសួនច្បារព្រះរាជដំណាក់ ដល់ចំណុចស្ពានវត្តរាជបូណ៌ និងចាប់ពីចំណុចស្ពានវត្តរាជបូណ៌ ដល់ស្ពានវត្តដំណាក់ និងបណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប។
៣.កំណាក់ផ្លូវអាចារ្យស្វា (ផ្លូវប៉ែកខាងកើតស្ទឹង) ចាប់ពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍ រហូតដល់ស្ពានវត្តរាជបូណ៌ និងចាប់ពីស្ពានវត្តរាជបូព៌ា ដល់រង្វង់មូលវត្តដំណាក់ និង បណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប។
៤.កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរ្តិ៍ ដល់ចំណុចសណ្ឋាគារជេសេវីន
៥.កំណាត់ផ្លូវមុខរ៉ាហ្វលមហាសណ្ឋាគារអង្គរ និងកំណាត់ផ្លូវបរិវេណសួនច្បារព្រះរាជដំណាក់
៦.និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង (ដូចមានបង្ហាញក្នុង ប្លង់ផែនទី)។
បន្ថែមពីលើនោះ រដ្ឋបាលក្រុងសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធបានរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទនៅតាមចំណុច និងទីតាំងដូចមានដូចជា៖ ១).ទីតាំងវិទ្យាល័យ ១០ មករា ១៩៧៩ ២).ដីឡូត៍ តារាងកីឡាបាល់ទះ (ក្រោយមន្ទីរពេទ្យកុមារអង្គរ) ៣).ចំណតរថយន្តអតីតអាងក្រពើ ៤).សាលាបឋមសិក្សា សម្តេចជាស៊ីម ៥).សាលាបឋមសិក្សាស្ទឹងថ្មី ៦).សារៈមន្ទីរជាតិអង្គរ ៧).ដីឡូតិ៍ក្រោយសារៈមន្ទីរជាតិអង្គរ ៨).ដីឡូតិ៍ខាងជើងសណ្ឋាគារសេនជូរី ៩).វត្តដំណាក់ ១០).សាលាបឋមសិក្សាវត្តបូព៌ ១១).វត្តពោធិ៍សង្ក ១២).វត្តព្រះឥន្ទកោសា ១៣).វត្តព្រះឥន្ទកោសីយ៍ ១៤).ទីតាំងនៅមុខផ្សារកុងតឺន័រ ១៥).សាលាបឋមសិក្សា វត្តកេសារារាម ១៦).អតីតសាលាខេត្ត ១៧).មុខសណ្ឋាគារតាព្រហ្ម ១៨).អតីតមន្ទីរអប់រំ យុវជន និង កីឡាខេត្ត ១៩).វិទ្យាល័យអង្គរ ២០).ផ្លូវខេមរភូមិន្ទ (ចតមួយចំហៀងផ្លូវ) ២១).ផ្លូវបេតុង (ម្ដុំយានដ្ឋាន ស្រីញ៉េប) និងទីតាំងចំណតមួយចំនួនទៀតតាមការចង្អុលបង្ហាញរបស់សមត្ថកិច្ចតាមភាពជាក់ស្ដែង។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៣ នៅទីតាំងសំខាន់ៗ ដូចជា បរិវេណមុខប្រាសាទអង្គរវត្ត ព្រះលានជល់ដំរី ផ្លូវ៦០ម៉ែត្រ សួនច្បារព្រះរាជដំណាក់ តំបន់ផាប់ស្ទីត និង តំបន់មាត់ស្ទឹងសៀមរាប បានរៀបចំកម្មវិធីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខួប១០ឆ្នាំ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕












