តាមការឱ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី២៨ ខែមីនា នេះបានឱ្យដឹងថា សប្ដាហ៍ទី៤ ចាប់ពីថ្ងៃទី២០-២៦ ខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង៣០ម៉ឺននាក់ ក្នុងនោះខេត្តព្រះសីហនុមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។
របាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងសរុបចំនួន៣០៤,៩៦៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៥៦,០៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៤៨,៨៧០នាក់។ ក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ មានភ្ញៀវទេសចរសរុប ៦៩,៤៧៧នាក់
* រាជធានីភ្នំពេញ ៣៨,៧៧៣នាក់
* ខេត្តសៀមរាប ៣៧,៣៩៤នាក់
* ខេត្តបាត់ដំបង ២៥,៩៧៤នាក់
* ខេត្តកំពត ២៤,៩២៩នាក់
* ខេត្តស្វាយរៀង ១៨,២៤១នាក់
* ខេត្តកំពង់ចាម ១៥,៤០២នាក់
* ខេត្តពោធិ៍សាត់ ១០,៦៩៩នាក់។
ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលបានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តកាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ហើយក៏ចំថ្ងៃដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត (សមរាត្រី Equinox) មានចំនួន៨,៧២៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន២,២២៦នាក់៕












