Home ព័ត៌មានអន្តរជាតិ តើមានជំនឿអ្វីខ្លះ បើថតរូបអ្នកណាម្នាក់ហើយឃើញរូបថតគ្មានក្បាល ?

តើមានជំនឿអ្វីខ្លះ បើថតរូបអ្នកណាម្នាក់ហើយឃើញរូបថតគ្មានក្បាល ?

164
0

នាពេលកន្លងមក យើងធ្លាប់បានឃើញនៅតាមបណ្តាញសង្គមមួយចំនួនបានចែកចាយរូបថតមិនជាប់ក្បាលមនុស្ស ឬឆ្លុះកញ្ចក់ហើយអត់ឃើញក្បាលជាដើម ។ រូបភាពឃើញតែដងខ្លួន ហើយបាត់ក្បាលនេះ វាមិនមែនកើតឡើងតែនៅប្រទេសកម្ពុជាយើងទេ ប៉ុន្តែប្រទេសផ្សេងទៀតក៏ជួបហេតុការណ៍ដូចគ្នានេះដែរ ។

ការថតរូបហើយមិនជាប់ក្បាលនេះ មានមនុស្សជាច្រើននាក់បានលើកឡើងខុសៗគ្នា ដោយអ្នកខ្លះថា អ្នកនោះនឹងមានគ្រោះដល់អាយុជីវិត ហើយប្រញាប់ទៅសូត្រមន្តបណ្តេញគ្រោះថ្នាក់នេះចេញ ។ រីឯអ្នកខ្លះបានណែនាំថា ឱ្យម្ចាស់រូបនោះទៅធ្វើបុណ្យដើម្បីបន្តអាយុជីវិត និងហៅព្រលឹងឱ្យត្រឡប់មកវិញ ។ ផ្ទុយទៅវិញ មតិមួយចំនួនលើកឡើងថា ការថតរូបហើយមិនឃើញក្បាលនោះ គឺគ្រាន់តែជារូបភាពកាត់តរបស់អ្នកលេងបណ្តាញសង្គមមួយចំនួនប៉ុណ្ណោះ ។ ស្របគ្នានឹងមតិមួយចំនួនថា ដោយសារតែទីកន្លែងនោះខ្វះពន្លឺគ្រប់គ្រាន់ ។

ទោះយ៉ាងណា លោក Kajon Peerakit នាយកប្រតិបត្តិសមាគមថតរូប និងជាអ្នកជំនាញថតរូបប្រចាំប្រទេសថៃ បានលើកឡើងថា ការដែលគេថតរូបហើយអត់ជាប់ក្បាលនោះ វាមកកំហុសឆ្គងរបស់ម៉ាស៊ីនថតរូបតែប៉ុណ្ណោះ ឬដោយសារគេកាត់តរូបភាពនោះ ។

បើតាមជំនឿចាស់បុរាណឱ្យដឹងថា បើថតរូបហើយមើលមិនឃើញក្បាល គឺវាជាប្រផ្នូលមិនល្អប្រាប់ឱ្យដឹងមុនថា អ្នកនោះនឹងស្លាប់ ហើយត្រូវដោះស្រាយបញ្ហានេះតាមជំនឿជាច្រើនរបស់ចាស់បុរាណដែលប្រាប់តៗគ្នា ។ បើឃើញរូបថតអ្នកណាម្នាក់ដាច់ក្បាល គឺជាប្រផ្នូលប្រាប់ថា អ្នកនោះកំពុងតែអស់បុណ្យ គឺដល់ពេលវេលាអស់អាយុហើយ ។ ករណីខ្លះ អ្នកនោះអាចស្លាប់ភ្លាមៗ ឬត្រូវស្លាប់ទាំងវ័យក្មេង ព្រោះមានគ្រោះធ្ងន់ ខណៈក្បាលរបស់មនុស្សជាអវៈយវៈសំខាន់ណាស់ ហើយពេលណាអត់ក្បាល នៅសល់ត្រឹមតែក មានន័យថា នឹងអស់ជីវិត ។

នេះជាវិធីដោះស្រាយតាមពាក្យចាស់បុរាណប្រាប់តៗគ្នា រួមមាន ៖
*ឃើញអ្នកផ្សេងគ្មានក្បាល ៖
បើយើងបានឃើញដោយផ្ទាល់ភ្នែកថា អ្នកឈរនៅចំពោះមុខយើងគ្មានក្បាលនោះ ចាស់បុរាណនិយាយថា យើងកុំទាន់ទៅជជែកជាមួយអ្នកនោះឱ្យដឹងខ្លួន ប៉ុន្តែយើងត្រូវយករបស់របរមួយចំនួនដូចជា មួក សារុងស្លៀករបស់មនុស្សស្រី ក្រម៉ា ធុងទឹក ឬឧបករណ៍អ្វីផ្សេងយកមកគ្របពីលើក្បាលអ្នកនោះភ្លាម ហើយនិយាយថា ៖ «តក្បាលឱ្យរួចហើយ» នេះជាវិធីបន្តជីវិតឱ្យរស់នៅបន្តទៀត ។

*ឆ្លុះកញ្ចក់មិនឃើញក្បាលខ្លួនឯង ៖
បើយើងឆ្លុះក្នុងកញ្ចក់ ឬមើលទៅក្នុងទឹក ហើយអត់ឃើញក្បាលរបស់ខ្លួនឯង គឺយើងត្រូវប្រញាប់ប្រាប់អ្នកដទៃឱ្យយករបស់របរដូចជា មួក សារុងស្លៀកមនុស្សស្រី ក្រម៉ា និងធុងទឹកមកគ្របពីលើក្បាលរបស់យើងជាបន្ទាន់ ហើយអ្នកដទៃនោះត្រូវនិយាយថា ៖ «តក្បាលឱ្យរួចហើយ» ។

*សុបិនឃើញថា មនុស្សស្គាល់គ្នាគ្មានក្បាល ៖
បើយើងសុបិនបែបនេះ ត្រូវដោះសុបិនមិនល្អនេះនៅក្នុងចានបង្គន់ ហើយត្រូវចាក់ទឹកចូលក្នុងចានបង្គន់ រួចនិយាយថា ៖ «ឱ្យសុបិនអាក្រក់ក្លាយជាល្អ» ។ បន្ទាប់មក ត្រូវយករបស់របររៀបរាប់ខាងលើទៅគ្របពីលើក្បាលមនុស្សដែលយើងសុបិនឃើញ ហើយនិយាយថា ៖ «តក្បាលឱ្យរួចហើយ» ។ ម្យ៉ាងទៀត ចាស់បុរាណបានណែនាំឱ្យយើងលែងសត្វដែលគេនឹងសម្លាប់វា ដូចជា ត្រី ជាដើម ។ យើងធ្វើបែបនេះ គឺជាការជួយស្រោចស្រង់អាយុជីវិតត្រី ក៏ដូចជាបន្តជីវិតអ្នកមានគ្រោះកាចដែរ ។

ចាស់ៗបុរាណណែនាំទៀតថា យើងអាចសូត្រធម៌ឱ្យបានរៀងរាល់ថ្ងៃដូចជា មុនពេលចូលគេង ឬបើមានពេល គួរសូត្រធម៌នៅពេលព្រឹក និងល្ងាច ដើម្បីនាំមកនូវសេចក្តីសុខ ហើយព្រះធម៌អាចជួយការពារគ្រោះកាចចង្រៃផ្សេងៗបាន ចៀសឆ្ងាយពីរឿងមិនល្អ និងបន្តអាយុជីវិត ។ លើសពីនេះ ត្រូវកាន់សីលនៅវត្តយ៉ាងតិចរយៈពេល៧ថ្ងៃ ហើយបើមានពេល គួរតែទៅបួសកាន់សីលនៅវត្ត ប៉ុន្តែបើគ្មានពេលទេ គួរកាន់ត្រឹមសីល៥ និងតាំងសម្មាធិ យ៉ាងតិច១ថ្ងៃម្តង ។

វិធីផ្សេងៗដែលបានរៀបរាប់មកនេះ គឺអាស្រ័យលើជំនឿរបស់បុគ្គលម្នាក់ៗ ហើយបើអ្នកនោះមានបុណ្យច្រើន វិធីនេះនឹងអាចជួយដោះគ្រោះបាន ឬជួយធ្វើឱ្យគ្រោះកាចថយចុះខ្លះ ប៉ុន្តែករណីខ្លះ វាជាកម្មផល ។ ដូច្នេះ យើងត្រូវបណ្តោយតាមវា និងគិតថា មនុស្សកើតមកតែងស្លាប់ទៅវិញ ជារឿងធម្មតា ៕ ប្រភព ៖ thainewsonline