កម្មវិធី Miss Grand Cambodia កាលពីឆ្នាំមុនរងពាក្យរិះគន់មិនសំចៃពីអ្នកលេងបណ្តាញសង្គមទៅលើសំលៀកបំពាក់រាត្រីស្រមោលស បញ្ចេញកេរ្តិ៍ខ្មាស យកល្បែងស៊ីសង បៀរ អាប៉ោង បង្ហាញដោយបវរកញ្ញាដើរនៅលើឆាក។ យ៉ាងណាមិញ ឆ្នាំនេះមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងអ៊ុតមើលរឿងសំលៀកបំពាក់របស់បេក្ខនារីក្នុងឆ្នាំនេះក្រោមការរៀបចំរបស់លោកស្រី អ៊ឹម សុគន្ធា ដែលទទួលបានសិទ្ធិរៀបចំកម្មវិធី Miss Grand Cambodia ២០២៣ បន្ទាប់ពីអ្នករៀបចំចាស់លោក អ៊ិន សុភិន។ ចំណែកឯតម្លៃមកុដសម្រាប់ម្ចាស់ជ័យលាភី ឆ្នាំនេះចាយលុយច្រើនជាងឆ្នាំមុនទៅទៀត។

មកទល់ពេលនេះផេក Miss Grand Cambodia បានបង្ហាញវត្តមានបេក្ខនារីផ្លូវការជាបន្តបន្ទាប់ហើយដើម្បីត្រៀមប្រកួតប្រជែងគ្នាក្លាយជាជ័យលាភីឯក នឹងតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងបង្ហាញវត្តមានបេក្ខនារីចូលរួម ផេក Miss Grand Cambodia ២០២៣ អ្នកគាំទ្រវិស័យបវរកញ្ញាកំពុងអ៊ុតមើលរឿងសំលៀកបំពាក់និងការរៀបចំកម្មវិធីក្នុងឆ្នាំនេះដូចគ្នា ព្រោះកម្មវិធីឆ្នាំចាស់ផ្ទុះរឿងអាស្រូវជុំជិតទាំងរឿងសំលៀកបំពាក់ស៊ិចស៊ីខ្លាំងមិនសមរម្យ រួមទាំងបង្ហាញល្បែងស៊ីសងទៀត។

ទន្ទឹមនឹងការទន្ទឹមរងចាំមើលស្នាដៃអ្នករៀបចំកម្មវិធី Miss Grand Cambodia 2023 ខាងកម្មវិធីក៏បានបង្ហាញតម្លៃមកុដសម្រាប់ម្ចាស់ជ័យលាភីក្នុងឆ្នាំនេះហើយគឺចាយលុយច្រើនមិនធម្មតា រហូតដល់២៧ម៉ឺនដុល្លារ ដែលតួលេខនេះច្រើនជាងឆ្នាំមុន ខណៈតួលេខឆ្នាំចាស់មកុដម្ចាស់ជ័យលាភីមានតម្លៃ២៥ម៉ឺនដុល្លារ ដែលគ្រងដោយកញ្ញា ពេជ្រ វត្តីសារាវ៉ាឌ្ឍី ដែលកំពុងសាងភាពល្បីល្បាញរកចំណូលបានច្រើនមិនធម្មតានាបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា កន្លងមកក្រោមការរៀបចំរបស់លោក អ៊ិន សុភិន ទាក់ទងនិងកម្មវិធីប្រកួតប្រជែងបវរកញ្ញាខាងលើនេះរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនរឿងសំលៀកបំពាក់ ការរៀបចំនៅក្នុងវិធី ខណៈអតីតអ្នកគ្រប់គ្រង MGC ខាងលើសម្រេចចិត្តមិនរៀបចំកម្មវិធីនេះបន្តក្នុងឆ្នាំ២០២៣ឡើយ ដោយលោកស្រី អ៊ឹម សុគន្ធា ជាអតីតតារាសម្តែងសម្រេចចិត្តរៀបចំបន្តវិញព្រមទាំងបេ្តជ្ញាចិត្តថានឹងរៀបចំកម្មវិធី Miss Grand Cambodia ២០២៣ ឱ្យបានល្អ លើកយកទង់ជាតិកម្ពុជា បង្ហាញពីវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ៕