បងប្អូនប្រជាពលរដ្ឋមួយចំនួនមានភាពងឺឆ្ងល់ជាខ្លាំង ចំពោះការមិនឱ្យប្រើប្រាស់អត្តសញ្ញាណបណ្ណមួយសន្លឹកឱ្យបានមួយជីវិត ដោយពលរដ្ឋខ្លះបានលើកឡើងថា ពួកគាត់ត្រូវចំណាយប្រាក់ច្រើន ត្រូវប្រើមន្រ្តីច្រើនដង និងពេលខ្លះគាត់ចាត់ទុកថាជាការខាតពេលវេលាផងដែរ។

ជាមួយនឹងចម្ងល់របស់បងប្អូនប្រជាពលរដ្ឋនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញមុខពន្យល់ជូនពលរដ្ឋដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាន៍ថាមូលហេតុដែលកំណត់សុពលភាពអត្តសញ្ញាណបណ្ណ និងតម្រូវឱ្យពលរដ្ឋត្រូវទៅបន្តសុពលភាពអត្តសញ្ញាណបណ្ណថ្មី ឬធ្វើអត្តសញ្ញាណបណ្ណទុតិយាតា គឺដោយសារក្នុងរយៈពេល១០ឆ្នាំ មនុស្សម្នាក់ៗតែងតែមានការប្រែប្រួលតាមដំណើរធម្មជាតិ ក្នុងនោះរួមមានរូបថត និងខ្ចៅដៃ។

សម្ដេចក្រឡាហោមបញ្ជាក់ថា”យើងធ្វើថ្មីនេះ គឺដោយសារផ្លាស់ប្ដូរនូវឯកសារអត្តសញ្ញាណពីរយ៉ាង ទីមួយគឺរូបថត ដោយសារ១០ឆ្នាំ អត្តសញ្ញាណបណ្ណផុតសុពលភាពហើយ។ អ៊ីចឹង១០ឆ្នាំមនុស្សមានការប្រែប្រួល រូបថតពីមុនផ្សឹង ឥលូវវាផ្សេង! អ៊ីចឹងត្រូវតែដូរ។ ទីពីរខ្ចៅដៃរបស់យើងក៏វាប្រែប្រួលដែរ! សូម្បីតែយើងចុចទូរសព្ទរាល់ថ្ងៃនេះក៏អាចនាំឱ្យប៉ះពាល់ខ្ចៅដៃដែរ។ អ៊ីចឹងហេតុផលគឺមានតែពីរហ្នឹងទេ ហើយពលរដ្ឋគាត់ត្រូវមកបំពេញដើម្បីធ្វើអត្តសញ្ញាណបណ្ណថ្មី”។

អត្តសញ្ញាណប័ណ្ណ​គឺជា​បណ្ណ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​ចាំបាច់​ត្រូវតែ​មាន​។ នៅក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​បង្ហាញ​ព័ត៌មាន​ដូចជា ឈ្មោះ ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត ទីកន្លែង​កំណើត អាសយដ្ឋាន ភិនភាគ​របស់​បុគ្គល​សាមី​។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២ភេទ​​មាន​អាយុ​១៥​ឆ្នាំ​ឡើងទៅ ​មាន​សិទ្ធិ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​តាម​ការជូន​ដំណឹង​​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​៕