ប្រទេសបារាំង ៖ កាលពីថ្ងៃទី៧ ខែមីនា កន្លងមក មានពលរដ្ឋបារាំងជាង១,២លាននាក់បានចេញមកតវ៉ានៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងផែនការកំណែទម្រង់អាយុចូលនិវត្តន៍របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលនឹងបង្កើនអាយុចូលនិវត្តន៍ពី៦២ឆ្នាំ ទៅ៦៤ឆ្នាំ ។
ការធ្វើបាតុកម្មតវ៉ានេះ គឺជាលើកទី៦ ក្នុងឆ្នាំ២០២៣ ដែលសហជីពការងារបានអំពាវនាវឱ្យគ្រប់ផ្នែកទាំងអស់ចេញមកតវ៉ានៅទូទាំងប្រទេស រួមទាំងប្រមូលផ្តុំគ្នាក្នុងក្រុងធំ Marseille របស់ប្រទេសបារាំងផងដែរ ។ ការប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងផែនការកំណែទម្រង់របស់ប្រធានាធិបតីបារាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរតាមរថភ្លើងទាំងអស់ក្នុងប្រទេស រួមទាំងខ្សែរថភ្លើងរវាងប្រទេសផងដែរ ដូចជា សេវាកម្មរថភ្លើងរបស់ Eurostar ។
ការប្រឆាំងតវ៉ានេះ ក៏បានប៉ះពាល់ដល់សេវាកម្មរថយន្តក្រុងជាច្រើន រួមទាំងជើងហោះហើរផ្សេងៗ ដោយមានការរាយការណ៍ថា កាលពីថ្ងៃទី៧-៨ ខែមីនា កន្លងមក ជើងហោះហើរប្រមាណ៣០% បានផ្អាកការហោះហើររបស់ខ្លួន ខណៈអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសផ្អាកការងារមកតវ៉ាប្រឆាំង រីឯមន្ត្រីរាជការប្រមាណ២៤% ក៏បានណាត់គ្នាផ្អាកការងារដូចគ្នា ។ លើសពីនេះ អ្នកចូលរួមតវ៉ាប្រឆាំងនឹងផែនការកំណែទម្រង់អាយុចូលនិវត្តន៍ រួមមាន គ្រូបង្រៀន បុគ្គលិកមកពីរោងចក្រចម្រាញ់ប្រេង និងផ្នែកថាមពល បុគ្គលិកប្រមូលសំរាម និងអ្នកបើករថយន្តធំៗ ។
សហជីពការងារ CGT លើកឡើងថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈពីរោងចក្រចម្រាញ់ប្រេងនៅទូទាំងប្រទេសបារាំងបានផ្អាកភ្លាមៗ ហើយវាធ្វើឱ្យប៉ះពាល់ដល់ស្ថានីយប្រេងឥន្ធនៈជាច្រើនកន្លែងទៀត បើពលរដ្ឋនៅតែធ្វើបាតុកម្មបែបនេះ ។
មុននេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើផែនការកំណែទម្រង់អាយុចូលនិវត្តន៍របស់ពលរដ្ឋ ដោយលោកបានជំរុញឱ្យបង្កើនអាយុចូលនិវត្តន៍ពី៦២ឆ្នាំ ទៅ៦៤ឆ្នាំ និងបង្កើនចំនួនឆ្នាំ ក្នុងការមានសិទ្ធិទទួលបានប្រាក់ចូលនិវត្តន៍ ។ ផែនការកំណែទម្រង់នេះធ្វើឱ្យពលរដ្ឋបារាំងមិនពេញចិត្តជាខ្លាំង ដោយសារពួកគេគិតថា ផែនការកំណែទម្រង់នេះនឹងបង្កើនបន្ទុកដល់ពួកគេ ។
តាមការស្ទង់មតិរបស់ IFOP ឃើញថា មានពលរដ្ឋបារាំងត្រឹមតែ៣២%ប៉ុណ្ណោះ ដែលគាំទ្រផែនការកំណែទម្រង់របស់ប្រធានាធិបតីបារាំង ខណៈការស្ទង់មតិរបស់ ELABE ឃើញថា មានពលរដ្ឋបារាំង៥៦% បានគាំទ្រការប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងផែនការនេះ ៕
ប្រភព ៖ thestandard










