ភ្នំពេញ៖ មានបវរកញ្ញាកម្ពុជា មកពីកម្មវិធីប្រកួតផ្សេងៗគ្នាបាន បង្ហាញវត្តមានព្រមគ្នា ក្នុងពិធីក្រុងពាលីដ៏ធំមួយ ក្រោមការចំណាយដើមទុនយ៉ាងច្រើន នាវេទិការក្នុងឆាកតន្ត្រីរបស់ទូរទស្សន៍ហង្សមាស។ ដែលនោះគឺជាពិធីក្រុងពាលី ថតភាពយន្តភាគថ្មីរឿង «អប្សរាមហាអង្គរ » ជាខ្សែភាពយន្តខ្មែរខ្នាតធំដំបូងគេដែលមិនធ្លាប់មានពីមុនមក ដែលសាច់រឿងត្រូវបាននិពន្ធឡើងនៅក្នុងលំនាំប្រវត្តិសាស្ត្រខ្មែរ នៃអាណាចក្រដ៏សែនរុងរឿងនាចុងសតវត្សទី១២ និងសតវត្សទី១៣។
បវរកញ្ញាទាំងនោះត្រូវបានគេស្គាល់រួមមាន៖
-កញ្ញា លីវ ជីលី Miss Grand Cambodia 2020 សម្តែងជាតួអង្គ ព្រះនាងឥន្រ្ទទេវី
-កញ្ញា ប៉ូគីមថេង សុតធីតា Miss Grand Cambodia 2021 សម្តែងជាតួអង្គព្រះជាយាទី១ ព្រះនាម កែវ មុនី
– កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand International 2022 សម្តែងជាតួអង្គឆោមឆវី ឬ ឆផ្កា
-កញ្ញា ប៊ី សុធារី Miss Grand Cambodia 2022 សម្តែងជាតួអង្គប្រភា និង នាងខ្មុក។
ប៉ុន្តែគេសម្គាល់ឃើញថាក្នុងចំណោមបវរកញ្ញាទាំងអស់ គេសង្ស័យថាកញ្ញា លីវ ជីលី អាចនឹងគ្រងតំណែងជាតួឯក ក្នុងរឿងអប្សរាមហានគរព្រោះកញ្ញាបានគ្រងនៅឈុតជា ព្រះនាងឥន្រ្ទទេវីដែលជាកំពូលនារីដ៏អស្ចារ្យនាសម័យអង្គរ។ យ៉ាងណាមិញព័ត៌មាននេះនៅមិនទាន់ច្បាស់នៅឡើយទេ ហើយបច្ចុប្បន្នរឿងនេះកំពុងចាប់ផ្ដើមសម្តែង នឹងចូលរួមសម្ដែងដោយកំពូលតារាល្បីៗជាច្រើនរូបទៀតរបស់ប្រទេសកម្ពុជា៕