រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ថ្វីបើទឹកដី នៅក្នុងតំបន់ចំនួន៤របស់អ៊ុយក្រែន ត្រូវបានក្រុងមូស្គូ ដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី តាមអ្វីដែលក្រុងកៀវ និង សម្ពន្ធមិត្តលោកខាងលិច ចាត់ទុកជាទង្វើខុសច្បាប់យ៉ាងណាក្ដី ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន នៅតែអះអាង ថា គាត់មិនបានបោះបង់ទឹកដីមួយផ្នែកណាមួយរបស់ប្រទេសគាត់ ជាថ្នូរនឹងកិច្ចព្រមព្រៀសន្ដិភាព នាពេលអនាគតជាមួយនឹងរុស្ស៊ី នោះឡើយ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ថា នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង BBC ដើម្បីរំឭកខួបមួយឆ្នាំ នៃការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី នោះ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានព្រមាន ថា ការផ្ដល់សម្បទានទឹកដីមួយផ្នែកណាមយយ នឹងមានន័យ ថា រុស្ស៊ី នឹងឈ្លានពានជាថ្មីឡើងវិញ ខណៈគ្រឿងសព្វាវុធរបស់លោកខាងលិច នឹងនាំមកនូវសន្ដិភាព កាន់តែខិតជិតចូលមកដល់។Ukraine's Zelensky Thanks U.S. Congress: 'You Can Speed Up Our Victory' -  I24NEWS

ជាមួយគ្នានេះ លោកប្រធានាធិបតី ហ្សេឡែនស្គី ក៏បានបញ្ជាក់ ថា ការវាយប្រយុទ្ធគ្នា នៅនិទាឃរដូវ ដែលបានព្យាករទុក កំពុងតែត្រៀមខ្លួនរួចរាល់អស់ហើយ។ ចំណែកការវាយប្រហាររបស់រុស្ស៊ី នឹងកើតឡើង នៅតាមទិសដៅផ្សេងៗជាច្រើនទៀត។

បើទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីអ៊ុយក្រែន មានជំនឿ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន អាចបន្តទប់ទល់នឹងការវាយរុលចូលទៅមុខរបស់រុស្ស៊ី រហូតដល់ពួកគេ អាចចាប់ផ្តើមនូវការវាយលុកទ្រង់ទ្រាយធំម្ដងទៀត។ ទន្ទឹមគ្នានេះ លោក ហ្សេឡែនស្គី ក៏បានអំពាវនាវម្តងហើយម្ដងទៀត ដល់បណ្ដាប្រទេសបស្ចិមលោក ត្រូវតែផ្តល់ជំនួយយោធាបន្ថែមទៀត ដើម្បីយកជ័យជម្នះ និង នាំនូវសន្ដិភាព ត្រឡប់មកវិញ។

លោកប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍ BBC ថា «វាជាការពិតណាស់ គ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់លោកខាងលិច នឹងបង្កើនល្បឿនដល់ការនាំមកវិញនូវសន្ដិភាព។ គ្រឿងសឹកទាំងនេះ ជាភាសាតែមួយគត់ ដែលរុស្ស៊ីដឹងច្បាស់»។Rishi Sunak meets President Zelenskyy in Kyiv on first visit to Ukraine as  PM | ITV News

លោកប្រធានាធិបតី ហ្សេឡែនស្គី កាលពីសប្ដាហ៍កន្លងទៅនេះ បានជួបជាមួយនឹងមេដឹកនាំចក្រភពអង់គ្លេស និង សហភាពអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូល សម្រាប់ការគាំទ្រជាអន្ដរជាតិ និង ស្នើសុំអាវុធទំនើបៗ ដើម្បីការពារប្រទេសរបស់គាត់។ ប៉ុន្ដែនៅពេលលោកប្រធានាធិបតី ស្នើសុំយន្ដហោះចម្បាំងទំនើបៗនោះ លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស នៅមិនទាន់ឆ្លើយនៅឡើយ ដោយគ្រាន់តែផ្ដល់នូវការបណ្ដុះបណ្ដាល ដល់កងទ័ពអាកាសរបស់អ៊ុយក្រែន ឲ្យចេះបើកយន្ដហោះចម្បាំងទំនើបៗ តាមស្ដង់ដាររបស់អង្គការណាតូ។

បើទោះជាយ៉ាងណាក៏ដោយ ក្រុងកៀវ នៅតែមានការខកចិត្តខ្លាំង ដោយសារតែល្បឿនបញ្ជូនអាវុធរបស់លោកខាងលិច នៅតែមិនទាន់មកដល់។ ចំណែកការដឹកជញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ដែលត្រូវបានសន្យា កាលពីខែមុន ដោយបណ្តាប្រទេសលោកខាងលិច រួមទាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស អាចនឹងមកដល់ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងទៀត ដើម្បីបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធ បណ្ដេញទាហានរុស្ស៊ី ចេញពីប្រទេស។

ទន្ទឹមគ្នានេះ លោកប្រធានាធិបតី ហ្សេឡែនស្គី (Zelensky) ក៏បានលើកឡើង អំពីការគំរាមកំហែងរបស់មេដឹកនាំបេឡារុស លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ដើម្បីចូលរួមធ្វើសង្គ្រាមជាមួយកងទ័ពរុស្ស៊ី ចេញពីទឹកដីរបស់គាត់ ប្រសិនបើទាហានអ៊ុយក្រែន ណាម្នាក់ ឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសបេឡារុស។

ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «ខ្ញុំសង្ឃឹម ថា បេឡារុស នឹងមិនចូលរួមនៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីអ៊ុយក្រែន នោះឡើយ។ ប្រសិនបើបេឡារុស ចូលរួមធ្វើសង្គ្រាម យើងនឹងប្រយុទ្ធ ទើបយើងនឹងរួចផុតជីវិត។ ចំណែកការអនុញ្ញាតឱ្យរុស្ស៊ី ប្រើប្រាស់ប្រទេសបេឡារុស ធ្វើជាទីតាំង សម្រាប់ការវាយប្រហារម្តងទៀត នឹងក្លាយជាកំហុសដ៏ធំបំផុតរបស់លោកប្រធានាធិបតី លូកាសែនកូ ។Can the U.S. and NATO provide Ukraine with enough weapons?

កម្លាំងទាហានរុស្ស៊ី បានចាប់ផ្តើមនូវការលុកលុយពេញទំហឹងរបស់ពួកគេ ដោយមួយផ្នែក វាយលុកចូលប្រទេសអ៊ុយក្រែន ចេញពីប្រទេសបេឡារុស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ស្របគ្នានេះដែរ កងទ័ពរុស្ស៊ី ក៏បានបើកការវាយលុកព្រមគ្នា ចេញមកពីទិសខាងត្បូង និង ទិសខាងកើត ប្រទេសអ៊ុយក្រែន ឆ្ពោះទៅកាន់រដ្ឋធានីកៀវ។ ប៉ុន្តែការសម្រុកវាយលុករបស់ពួកគេ មិនអាចផ្ដួលរំលំរដ្ឋាភិបាលក្រុងកៀវ បាន ទើបរុស្ស៊ី បានដកថយវិញ ហើយផ្ដោតយ៉ាងសំខាន់ ទៅលើសមរភូមិភាគ នាខាងកើត ប្រទេសអ៊ុយក្រែន។ សង្គ្រាម អស់រយៈពេលស្ទើរតែ១ឆ្នាំពេញកន្លងមកនេះ បានធ្វើឲ្យទាហានទាំងសងខាងរងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ខណៈកងទ័ពអ៊ុយក្រែន បានអះអាង ថា រុស្ស៊ី បានបាត់ទាហាន រហូតដល់ជាង១៤ម៉ឺននាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣៕