ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសអប់រំ នៃការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។
ការធ្វើបែបនេះ គឺនៅក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់សិក្សានុសិស្ស និងបុគ្គលិកអប់រំ យុវជន និងកីឡា។ មួយរយៈចុងក្រោយនេះ ក្រសួងសង្កេតឃើញថាសិក្សានុសិស្សតាមគ្រឹះស្ថានសិក្សាមួយចំនួន មានករណីពុលអាហារ ទន់ដៃទន់ជើង និងឈានទៅដល់ការដួលទៀតផងនោះ ក្រសួងអប់រំ សហការជាមួក្រសួងសុខាភិបាល ក៏បានរកឃើញថា ករណីនេះកើតឡើដោយសារតែ សិស្សចូលចិត្តទទួលទានអាហារមិនមានសុវត្ថិភាព និងមានការខ្វះខាតក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើការលក់ដូរចំណីអាហារក្នុងគ្រឹះស្ថានសិក្សា។
ក្នុងនោះក្រសួងបានហាមឃាត់លក់របស់ជាច្រើននៅក្នុងគ្រឹះស្ថានសិក្សា ដែលមានដូចជា ប្រហិតចៀន ចាហួយ Hotdogកញ្ចប់ បាញ់ត្រាង ស្ករគ្រាប់ ជើងមាន់កញ្ចប់ និងរួមទាំងភេជ្ជៈប៉ូវកម្លាំងមួយចំនួនដូចជា Sting ផងដែរ។
សូមជម្រាបផងដែរ នេះមិនមែនជាលើកទី១នោះទេ ដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងសុខាភិបាល ចេញវិធានការ សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា ក៏ប៉ុន្តែនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មិនមានការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង ដែលធ្វើឱ្យមានការលក់ចំណីអាហារគ្មានសុវត្ថិភាពខាងលើនេះ កើតមានឡើងបាន៕









ប្រភព៖ Moeys Cambodia










