ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ តម្លៃបន្លែស្ទើរគ្រប់ប្រភេទបានធ្លាក់ចុះក្នុងទីផ្សារនៅទីរួមខេត្តបុរីរាំ ដូចជា ជីវ៉ាន់សុយ ពេលមុន ១គីឡូក្រាមតម្លៃ៧០បាត ពេលនេះ នៅសល់ត្រឹមតែ៤០បាតប៉ុណ្ណោះ/១គីឡូក្រាម ហើយដូចគ្នានេះដែរ ប៉េងប៉ោះ ពី១គីឡូក្រាមតម្លៃ៨០បាត នៅសល់តែ២០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។
លើសពីនេះ ម្ទេសក្រហម ពីតម្លៃ៦០បាត/១គីឡូក្រាម នៅសល់ត្រឹម៤០បាត/១គីឡូក្រាម និងដើមខ្ទឹម ពីតម្លៃ១០០បាត/១គីឡូក្រាម នៅសល់តម្លៃតែ៦០បាត/១គីឡូក្រាម ហើយមានតែក្រូចឆ្មាប៉ុណ្ណោះដែលនៅតែមានតម្លៃថ្លៃ ជាទូទៅ គឺតម្លៃ៥-៧បាត/១ផ្លែ ។
តម្លៃបន្លែនានាធ្លាក់ចុះនៅពេលនេះ គឺជាដំណឹងល្អសម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់ ប៉ុន្តែការលក់បន្លែរបស់អាជីវករក្នុងផ្សារនេះបែរជាធ្លាក់ចុះទៅវិញ ខណៈពេលធម្មតា ពួកគេធ្លាប់លក់ក្នុង១ថ្ងៃបានប្រាក់២.០០០បាត ទៅ៣.០០០បាត ប៉ុន្តែបច្ចុប្បន្ន លក់បានតែ៥០០បាត ទៅ១.០០០បាតប៉ុណ្ណោះ ។ អាជីវករនិយាយថា មូលហេតុលក់មិនសូវដាច់ ព្រោះកម្លាំងនៃការទិញធ្លាក់ចុះ ហើយពលរដ្ឋងាកទៅដាំដុះបន្លែហូបខ្លួនឯង ហើយអ្នកខ្លះដាំខ្លួនឯងហើយលក់ទៀត ។
អ្នកនាង អាំពេញ ហេងប្រាខូន និងនាង ថន ម៉បប្រាខូន ជាអាជីវករលក់បន្លែក្នុងផ្សារនៅទីរួមខេត្តបុរីរាំ ប្រាប់ថា ពេលនេះ តម្លៃបន្លែស្ទើរគ្រប់មុខធ្លាក់ថ្លៃច្រើន នៅសល់តែក្រូចឆ្មាប៉ុណ្ណោះមានតម្លៃថ្លៃ ប៉ុន្តែចម្លែកចិត្តណាស់ តម្លៃបន្លែធ្លាក់ចុះច្រើន ហេតុអ្វីបានជាលក់មិនសូវដាច់ទៅវិញ ។ គេគិតថា អាចមកពីពលរដ្ឋគ្មានប្រាក់ទិញ ស្របនឹងកសិករខ្លះងាកមកដាំបន្លែហូបខ្លួនឯង ហើយរែកលក់កាន់តែច្រើន ៕
ប្រភព ៖ khaosod










